ព័ត៌មានកីឡា

AC Milan ចង់នាំយកខ្សែប្រយុទ្ធ Radamel Falcao មកកាន់ Serie A

ក្រុមកំពុងឡើងជើង AC Milan ត្រៀមចំណាយលុយធំទៀតហើយ ក្នុងការនាំយកខ្សែប្រយុទ្ធ កូឡុំប៊ី Radamel Falcao ដែលទើបរកបាន ១គ្រាប់ក្នុងការប្រកួតបើកឆាក League ១ ពីក្រុម AS Monaco ។

AC Milan នៅក្នុងរដូវកាលថ្មីនេះ ពិតជាមិនធម្មតាឡើយ ខណៈក្លិបយក្សអ៊ីតាលី មួយនេះ កំពុងតែពង្រឹងក្លិបឲ្យឈានទៅរកអតីតកាល ដ៍ខ្លាំងពូកែវិញ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយ របស់ Sky Sports បានឲ្យដឹងថា ក្រុមជើងឯក UEFA Champion League ៧សម័យកាលនេះ កំពុងតែត្រៀមនាំយកខ្សែប្រយុទ្ធឆ្នើម Radamel Falcao ពីក្រុមជើងឯក League ១ បារាំង Monaco ។ នេះគឺជាការ ពង្រឹងនូវសមត្ថភាពតំបន់ប្រយុទ្ធបន្ថែមទៀត ព្រោះថាតំបន់ប្រយុទ្ធរបស់ AC Milan មិនទាន់មុតស្រួច ដូចមុននៅឡើយទេ។

យ៉ាងណាវិញ ក្រុម AC Milan នឹងព្យាយាម បញ្ចុះបញ្ចូល ក្រុម Monaco ក្នុងការលក់ Falcao ឲ្យបាន ដើម្បីយកមកពង្រឹងក្លិបឲ្យបានឆាប់បំផុត។ គួរបញ្ជាក់ផងដែរថា ក្នុងការប្រកួតមិត្តភាពកន្លងមក ក្រុម AC Milan បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈការយកឈ្នះ ក្រុមជើងខ្លាំង​ Bayern Munich ៤-០ រួមទាំងការយកឈ្នះ ការប្រកួត Europa League កាលពីពេលថ្មីៗនេះ ដើម្បីឡើងទៅកាន់វគ្គជម្រុះបន្តទៀត។ យ៉ាងណាវិញ ក្រុម AC Milan មិនទាន់បានបញ្ជាក់ឲ្យបានច្បាស់ ពីតម្លៃផ្ទេរនៅឡើយទេ ខណៈប្រភព Sky Sports បង្ហាញឲ្យដឹងថា មិនទាបជាង ៥០លានផោនឡើយ។

ដូច្នេះហើយ ក្តីសង្ឃឹមរបស់ក្រុម AC Milan គឺចង់នាំយក Radamel Falcao មកកាន់ក្របខ័ណ្ឌ Italian Serie A នៅរដូវកាលថ្មីនេះ ដែលក្រុមយក្សអ៊ីតាលីនេះសង្ឃឹមថា ពួកគេនឹងទទួលបាន ខ្សែប្រយុទ្ធដ៍ឆ្នើមមកពង្រឹងក្លិបឲ្យកាន់តែខ្លាំងជាងមុន។

មតិយោបល់