ព័ត៌មានសុខភាព

អនុវត្តមួយចំណុចនេះ ពេលកូនកើតមកភ្លាម អ្នកនឹងជៀសផុតពីជំងឺមហារីកសុដន់

ទឹកដោះម្តាយ គឺជាអាហារូបត្ថម្ភដ៏ល្អបំផុតសម្រាប់ទារកដែលទើបនឹងចាប់កំណើត និងទារកដែលកំពុងតែរីកលូតលាស់។ ប៉ុន្តែទន្ទឹមនឹងនេះផងដែរ ការបំបៅដោះកូនអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ចំពោះអ្នកម្តាយ និងហានិភ័យនៃភាពធាត់នៅពេលកូនធំពេញវ័យ។

ក្នុងអំឡុងពេលបំបៅដោះកូន រាងកាយរបស់អ្នកម្តាយអាចបញ្ឈប់ការផលិតអ័រម៉ូនអឺដ្រូសែន(estrogen) និងអ័រម៉ូន ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងនៃហានិភ័យវិវត្តទៅរកជំងឺមហារីកសុដន់។ ការបំបៅដោះកូន ក៏អាចជួយបំបាត់នូវរាល់ការខូចខាតនៃ DNA និងការកកើតនៃដុំសាច់ក្នុងសុដន់ផងដែរ។

ការស្រាវជ្រាវបានរកឃើញថា កុមារដែលបៅដោះម្តាយ ហាក់ដូចជាមិនសូវធាត់លើសទម្ងន់ នៅពេលដែលពួកគេធំពេញវ័យ។ ក្នុងពេលជាមួយគ្នានេះ អ្នកម្តាយដែលប្រើភេសជ្ជៈមានជាតិអាល់កុល ក៏ប្រឈមនឹងហានិភ័យនៃជំងឺមហារីកសុដន់ដូចគ្នា។

បើយោងតាមអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថាន National Cancer Institute និង World Cancer Research Fund សហរដ្ឋអាមេរិក បានធ្វើការវិភាគទៅលើការស្រាវជ្រាវទាំង ១៨លើក អំពីការបំបៅដោះកូន លទ្ធផលបង្ហាញថា ស្ត្រីជាម្តាយអាចប្រឈមនឹងហានិភ័យវិវត្តទៅរកជំងឺមហារីកសុដន់ត្រឹមតែ ២ភាគរយប៉ុណ្ណោះ ប្រសិនបើបំបៅដោះកូនរយៈពេល ៥ខែ។

ស្របពេលជាមួយគ្នានេះ តាមរបាយការណ៍បានបង្ហាញថា ការឡើងទម្ងន់ក្រោយពេលអស់រដូវ ក៏ប្រឈមនឹងហានិភ័យវិវត្តទៅរកជំងឺមហារីកសុដន់ដែរ។ លើពីនេះទៅទៀត ចំពោះស្ត្រីដែលទទួលទានជាតិអាល់កុល មុននិងក្រោយពេលអស់រដូវ អាចបង្កើនហានិភ័យនៃជំងឺមហារីកសុដន់ខ្ពស់ជាង អ្នកដែលមិនទទួលទាន។ ដូច្នេះ មានតែធ្វើការហាត់ប្រាណជាប្រចាំ ទើបមានប្រសិទ្ធភាពអាចកាត់បន្ថយហានិភ័យនេះបាន។

សរុបមកវិញ អ្នកត្រូវចាំថា មិនមែនស្ត្រីទាំងអស់សុទ្ធតែអាចបំបៅដោះកូនបានដូចគ្នានោះទេ ប៉ុន្តែប្រសិនបើមានឱកាសបំបៅដោះកូន គឺត្រូវតែអនុវត្ត ដើម្បីសុខភាពល្អ ទាំងម្តាយ និងកូន៕

ប្រភពៈ soha

មតិយោបល់