ការប្រកួត ក្របខ័ណ្ឌកំពូល Premier League នឹងចាប់ផ្តើមការប្រកួត ក្នុងយប់នេះហើយ ខណៈក្រុមកាំភ្លើងធំ Arsenal បើកទ្វារទទួលក្រុម Leicester City ដែលការប្រកួតនេះជាជំនួបច្រំដែល ដូចបើកឆាករដូវកាលមុន។
Arsenal នឹងបើកទ្វារទទួលក្រុម Leicester City នៅក្នុងការប្រកួតបើកឆាក Premier League រដូវកាល ២០១៧-២០១៨ នេះ ជាមួយក្រុម Leicester City វេលាម៉ោង ១ និង ៤៥នាទីរំលងអាធ្រាត្រ ខណៈកាលពីរដូវកាលមុន ការប្រកួតបើករដូវកាលរវាងក្រុមទាំង២ ធ្វើឡើងក្នុងដី Leicester City ដោយលទ្ធផល ០-០។ ក្រុម Arsenal ដែលទើបឈ្នះពាន Community Shield កាលពីពេលថ្មីៗនេះ មានក្តីសង្ឃឹមច្រើន ក្នុងការដណ្តើមយក ៣ពិន្ទុ ក្នុងការប្រកួតដំបូងនេះ ព្រោះថា ជាការប្រកួត ក្នុងទឹកដីខ្លួនឯង រួមទាំងមហិច្ចតា ចង់ឈ្នះពាន Premier League រដូវកាលនេះផងដែរ ។
ចំណែកក្រុម Leicester City វិញ ក៍មិនឲ្យ ៣ពិន្ទុយប់នេះរំលងផុតដែរ។ ថ្វីបើប្រកួតក្រៅដីជាមួយក្រុមខ្លាំង Arsenal តែពួកគេ មិនចុះញ៉ម ក្នុងការប្រកួតនេះឡើយ ព្រោះថា ក្រុមអតីតជើងឯក Premier League កាលពីរដូវកាល ២០១៥-២០១៦ នេះ ចង់សាងភាពភ្ញាក់ផ្អើល ឡើងវិញ ក្នុងរដូវកាលថ្មីនេះ។ យ៉ាងណាវិញ ការប្រកួតយប់នេះ ក្រុម Arsenal និង Leicester City មិនបណ្តោយឲ្យភ្លាត់រៀងៗខ្លួនឡើយ ខណះក្រុមទាំង២ ចង់ឈ្នះការប្រកួតដំបូងដូចគ្នា។ ក្រុមទាំង២ មានប្រវត្តិជួបគ្នា ១៣៣ ប្រកួត ដែល Arsenal ឈ្នះ ៦៤ ប្រកួត Leicester City ឈ្នះ ២៩ប្រកួត និងស្មើ ៤៤ប្រកួត។
ការប្រកួតចុងក្រោយរវាងក្រុមទាំង២ កាលពីរដូវកាលមុន៖
២០ សីហា ២០១៦ Leicester City 0-0 Arsenal
២៦ មេសា ២០១៧ Arsenal ១-០ Leicester City
ចាំមើលក្រុមទាំង២ អ្នកណានឹងឈ្នះការប្រកួតបើករដូវកាលនេះ។
មតិយោបល់