អាហ្វហ្គានីស្ថានៈ អ្នកនាំពាក្យរបស់មន្ដ្រីរដ្ឋាភិបាលខេត្ត នៅថ្ងៃសុក្រនេះ បាននិយាយថា យ៉ាងហោចណាស់ពួកសកម្មប្រយុទ្ធតាលីបង់ចំនួន ៣០នាក់ ត្រូវបានស្លាប់នៅក្នុងករណីផ្ទុះគ្រាប់បែកដោយចៃដន្យ នៅភាគឦសានរដ្ឋធានី Farah របស់ប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ នៅតំបន់ Pewa Pasaw ក្នុងស្រុក Bala Buluk ភាគឦសានរដ្ឋធានី Farah មុនពេលដែលពួកសកម្មប្រយុទ្ធ បានព្យាយាមវាយប្រហារទីតាំង របស់កងកម្លាំងសន្តិសុខ។
តាមប្រភពដដែរ បានបញ្ជាក់ថា ខណៈដែលពួកសកម្មប្រយុទ្ធ បានត្រៀមខ្លួនរួចជាស្រេច ជាមួយនឹងអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ ដោយមានបំពាក់គ្រាប់បែកពេញអាវ ដើម្បីវាយប្រហារទៅលើកងកម្លាំងរដ្ឋាភិបាល ប៉ុន្តែជាអកុសលគ្រាប់បែកនោះ បានផ្ទុះមុនពេលកំណត់ ដែលបណ្ដាលឲ្យពួកសកម្មប្រយុទ្ធ ៣០ នាក់ ត្រូវបានស្លាប់នៅនឹងកន្លែង និងមួយចំនួនទៀតរងរបួស។
សូមជំរាបថា ពួកសកម្មប្រយុទ្ធតាលីបង់ បានស្ថិតក្នុងភាពចលាចល ចាប់តាំងពីខែមេសាកន្លងមក អំទ្បុងពេលដែលពួកគេ បានចាប់ផ្តើមធ្វើសកម្មភាពវាយលុករបស់ខ្លួន ប្រចាំឆ្នាំនៅកន្លែងផ្សេងៗគ្នា ក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយរួមមានទាំងនៅរដ្ឋធានីកាប៊ុល ដែលបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសរាប់រយនាក់៕
មតិយោបល់