ព័ត៌មានអន្តរជាតិ

ផ្ទុះគ្រាប់បែកអត្តឃាត សម្លាប់មនុស្ស ២៧ នាក់ និងរបួស ៨៣ នាក់ នៅនីហ្សេរីយ៉ា

នីហ្សេរីយ៉ាៈ ស្ត្រីជាបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានបំផ្ទុះខ្លួនឯងនៅផ្សារមួយ ភាគឦសានប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃអង្គារ ដោយសម្លាប់មនុស្ស ២៧ នាក់ ខណៈដែលគេកំពុងសង្ស័យថា ការវាយប្រហារនេះ បង្កទ្បើងដោយពួកក្រុមឧទ្ទាមបូកូហារ៉ាម។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា​ ឆ្នាំ២០១៧។

មន្រ្តីភ្នាក់ងារសង្គ្រោះបន្ទាន់ បាននិយាយថា «អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតលើសពីពីរនាក់ បានប្រើឧបករណ៍បំផ្ទុះរបស់ពួកគេ នៅច្រកទ្វារចូលទៅជំរុំជនភៀសខ្លួនក្បែរនោះ ដែលបានបណ្ដាលឲ្យមនុស្សជាច្រើនរងរបួស។

តា​មរបាយការណ៍ បានបញ្ជាក់ថា អ្នករងរបួសសរុបទាំងអស់ គឺមានចំនួន ៨៣ នាក់ នៅក្នុងករណីផ្ទុះបីលើក នៅជិតទីក្រុង Maiduguri ដែលជាកន្លែងនៃជម្លោះដ៏រ៉ាំរ៉ៃរវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមបូកូហារ៉ាម។

សូមជំរាបថា មកទល់ពេលនេះ នៅមិនទាន់មានក្រុមណាមួយ ចេញមកអះអាងទទួលខុសត្រូវ សម្រាប់ការវាយប្រហារនេះទេ ហើយបើតាមអាជ្ញាធរ បានឲ្យដឹងថា ចំនួនអ្នកស្លាប់អាចនឹងមានការកើនទ្បើង៕

មតិយោបល់