បើទោះបីបានបរាជ័យក្នុងការប្រកួតជាមួយ U-22 វៀតណាម ក្នុងការប្រកួតជម្រុះតាមពូលនៅ SEA Games ក៏ដោយ តែកីឡាករ U-22 កម្ពុជា បានលើកឡើងថា ពួកយើងលេងយល់ពីគ្នាទៅវិញទៅមក ជាងការប្រកួតមុនៗ នេះបើតាមការចុះផ្សាយលើគេហទំព័រ ASIA អំពីសំដីខ្សែការពារ នេន សុធារ័ត្ន ។
ខ្សែការពាររបស់ក្លិបព្រះខ័នរាជស្វាយរៀងរូបនេះបាននិយាយថា៖ «ការប្រកួតជាមួយវៀតណាមគឺលំបាកជាងហ្វីលីពីនក្នុងការប្រកួតមុន។ អ្នករាល់គ្នា បានកែប្រែកំហុសដែលពួកគេបានប្រព្រឹត្តនៅក្នុងជំនួបជាមួយហ្វីលីពីន ហើយពួកយើងលេងយល់ពីគ្នាទៅវិញទៅមកល្អ»។
នៅក្នុងការប្រកួតតាមពូល SEA Games លើកទី៣ ទំនងជាហួសពេលដែលអាចឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ សម្រាប់កូនក្រុមលោក Leonardo Vitorino ខណៈដែលពួកគេបានរងបរាជ័យពីរលើកជាប់គ្នាជាមួយហ្វីលីពីននិងវៀតណាម។
ទោះបីជាយ៉ាងណាក៏ដោយកីឡាករ នេន សុធារ័ត្ន និងមិត្តរួមក្រុមទាំងអស់មិនបានបាត់បង់ក្តីសង្ឃឹមរបស់ពួកគេនិងបានប្តេជ្ញាចិត្តត្រលប់ទៅរកការប្រកួតបន្ទាប់ទៀតប្រឆាំងតទល់នឹងក្រុមម្ចាស់ជើងឯក U-22 ថៃ នៅថ្ងៃទី២០ ខែសីហានេះ៕



មតិយោបល់