ព័ត៌មានជាតិ

ធ្លាប់ជាប់ពន្ធនាគារពីបទរក្សានូវសារធាតុញៀនខុសច្បាប់ ចេញមកវិញជួញដូរគ្រឿងញៀនជាប់អន្ទាក់ប៉ូលិសស្រុកស្អាង

កណ្តាល: ជនសង្ស័យក្នុងចំណោម២នាក់ ជនសង្ស័យម្នាក់ធ្លាប់ជាប់ពន្ធនាគារពីបទរក្សានូវសារធាតុញៀនខុសច្បាប់ ចេញមកវិញជួញដូរគ្រឿងញៀនជាប់អន្ទាក់ប៉ូលិសស្រុកស្អាង ដែលដឹកនាំចុះបង្ក្រាបដោយលោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាង ។

ហេតុការណ៍ចុះបង្ក្រាបនេះបានកើតឡើងកាលពីវេលាម៉ោង១ និង៤៥នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិ លេខ៣ ឃុំ ស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។

លោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានប្រាប់ឲ្យដឹងថា ជនសង្ស័យចំនួន២នាក់ ទី១ឈ្មោះ អ៊ឹម លីដា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករជាងសំណង់ ទីលំនៅភូមិ លេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល និងទី២ ឈ្មោះ ហ៊ី ហ៊ីម ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មកររោងចក្រ ទីលំនៅភូមិ លេខ៣ ឃុំ ស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។ វត្ថុតាងចាប់យករួមមាន ៖ ម្សៅក្រាមពណ៌សសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន៩កញ្ចប់តូច,ទូរសព្ទចំនួន ១គ្រឿង ម៉ាក ណូគា (អ៊ិនចុចពិល) ។

លោកអធិការបញ្ជាក់ថា នៅថ្ងៃទី ១៩ ខែ សីហា ឆ្នាំ២០១៧ វេលាម៉ោង ១និង៤៥នាទី ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចផ្លូវបេតុងស្ថិតក្នុងភូមិ លេខ៣ ឃុំ ស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ បានចុះទៅដល់ចំណុចកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាល បានជួបប្រទះជនសង្ស័យឈ្មោះ អ៊ឹម លីដា នឹង ឈ្មោះ ហ៊ី ហ៊ីម រួចធ្វើការត្រួតពិនិត្យជនសង្ស័យ បានរកឃើញគ្រឿងញៀន ចំនួន៩កញ្ចប់តូច នៅនឹងឈ្មោះ អ៊ឹម លីដា រួចឃាត់ខ្លួន បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ អ៊ឹម លីដា បានសារភាពថា ខ្លួនបានទៅទិញគ្រឿងញៀន ចំនួន១កញ្ចប់ ក្នុងតម្លៃ ៧៥០០០រៀល(ប្រាំពីរប្រាំពាន់រៀល) ពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុចភូមិ វាលខ្សាច់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីយកទៅលក់បន្ត។

បញ្ជាក់ ៖ ឈ្មោះ ហ៊ី ហ៊ីម ធ្លាប់ជាប់ពន្ធនាគាខេត្តកណ្តាល រយ:ពេល១ឆ្នាំ ៣ខែ ពីបទ រក្សានូវសារធាតុញៀនខុសច្បាប់ ចាប់ពីឆ្នាំ២០១៣ បានដោះលែងពីពន្ធនាគារវិញនៅឆ្នាំ២០១៤ ។
បន្ទាប់មកបញ្ជូនជនសង្ស័យទាំង២ រួមជាមួយវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់