ព័ត៌មានកីឡា

សហព័ន្ធកីឡាបាល់ទាត់វៀតណាម បានតែងតាំងគ្រូបង្វឹកថ្មី Mai Duc Chung មុនប៉ះ កម្ពុជា

សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានទទួលយកសំណើលាលែងពីលោក Nguyen Huu Thang គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមនៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងហាណូយកាលពីថ្ងៃអាទិត្យដែលគណៈគ្រប់គ្រងកីឡាបាល់ទាត់វៀតណាមបានប្រកាសនៅថ្ងៃដដែល។

លោក Nguyen Huu Thang ដែលជាអ្នកចាត់ការរបស់ក្រុម U-22 វៀតណាម នៅការប្រកួតស៊ីហ្គេមនាឆ្នាំនេះ បានសុំលាឈប់ពីតំណែងក្រោយពីការខកចិត្តចាញ់ក្រុមថៃ ៣-០ នៅការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពូល B កាលពីថ្ងៃព្រហស្បតិ៍។ VFF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាផ្លូវការថា៖ “តំណាងរបស់គណៈកម្មាធិការប្រតិបត្តិរបស់ VFF បានសម្តែងការដឹងគុណចំពោះការខិតខំប្រឹងប្រែងរបស់លោកគ្រូបង្វឹក Nguyen Huu Thang និងកីឡាកររបស់គាត់ក្នុងកំឡុងពេលដែលលោកបានកាន់តំណែងនេះ” ។

នៅក្នុងកិច្ចប្រជុំនេះដែរ VFF បានប្រកាសតែងតាំងគ្រូបង្វឹករបស់ក្រុមជម្រើសជាតិស្ត្រី លោក Mai Duc Chung ឱ្យដឹកនាំក្រុមជម្រើសជាតិបុរសឈុតធំវិញ។ គ្រូបង្វឹក Mai Duc Chung នឹងដើរតួនាទីដឹកនាំក្រុមជម្រើសជាតិវៀតណាម សម្រាប់ការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup ឆ្នាំ 2019 ជាមួយនិង ក្រុមជម្រើសជាតិកម្ពុជា ដែលមានរយៈពេលតិចជាង ១០ ថ្ងៃ។

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិវៀតណាម នឹងជួបជុំគ្នានៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ សម្រាប់ធ្វើការហ្វឹកហាត់មុននឹងត្រូវ មកតទល់ជាមួយនឹងកម្ពុជា នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ នាពហុកីឡដ្ឋានជាតិ នៅរាជធានីភ្នំពេញ៕

Mai Duc Chung(គ្រូថ្មី) Nguyen Huu Thang(គ្រូចាស់)

មតិយោបល់