ជប៉ុនៈ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Tsutomu Hata បានទទួលមរណៈភាព ក្នុងវ័យ ៨២ ឆ្នាំ ដោយរោគាពាធ នៅផ្ទះរបស់លោក ក្នុងទីក្រុងតូក្យូ នៅថ្ងៃច័ន្ទនេះ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧។
លោក Hata ត្រូវបានគេបោះឆ្នោតជ្រើសរើស ជាប្រធានសភាជាន់ទាបលើកដំបូង នៅឆ្នាំ ១៩៦៩ ផ្អែកតាមរដ្ឋធម្មនុញ្ញនៃប្រទេសជប៉ុន ហើយរូបលោកត្រូវបានគេបោះឆ្នោតឲ្យបន្តតំណែងមួយនេះចំនួន ១៣ លើកផងដែរ។
អំទ្បុងខែមេសា ដល់ខែមិថុនាឆ្នាំ ១៩៩៤ លោកបានដឹកនាំរដ្ឋាភិបាលចម្រុះមួយ ខណៈដែលលោកកំពុងដឹកនាំគណបក្ស Japan Renewal ។
ក្នុងតំណែងក្រោមរដ្ឋាភិបាល នៃគណបក្សប្រជាធិបតេយ្យសេរី (LDP) លោក Hata ត្រូវបានទទួលការគាំទ្រពីសំណាក់គណៈរដ្ឋមន្ត្រីជាច្រើនរូប រួមទាំងរដ្ឋមន្ដ្រីកសិកម្ម និងជលផល ព្រមទាំងរដ្ឋមន្ត្រីហិរញ្ញវត្ថុទៀតផង។
លោក Hata រួមជាមួយអតីតអ្នកនយោបាយ លោក Ichiro Ozawa និងសមាជិកសភាដទៃទៀត បានចាកចេញពី LDP ដើម្បីបង្កើតគណបក្សថ្មីមួយនៅឆ្នាំ ១៩៩៣ ។
ដោយលោក Hata បានបម្រើការជារដ្ឋមន្រ្តីការបរទេស នៅក្នុងរដ្ឋាភិបាលចម្រុះមួយ ប្រឆាំងនឹង LDP ដែលបានបង្កើតឡើងនៅឆ្នាំនោះ ជាមួយអតីតនាយករដ្ឋមន្ត្រីលោក Morihiro Hosokawa ។
នៅឆ្នាំបន្ទាប់មកទៀត លោក Hata បានទទួលជោគជ័យដោយយកឈ្នះ លោក Hosokawa សម្រាប់តំណែងជានាយករដ្ឋមន្ត្រីប្រទេសជប៉ុន។
គួរបញ្ជាក់ដែរថា មុនចូលប្រឡូកក្នុងឆាកនយោបាយ លោក Hata បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Seijo ក្នុងទីក្រុងតូក្យូ និងធ្វើការឲ្យក្រុមហ៊ុនរថយន្តក្រុងមួយ៕
មតិយោបល់