ព័ត៌មានជាតិ

តូចចិត្តសម្រក់ទឹកភ្នែក លោកប្តីពេលស្រវឹងចោទថាលួចមាន សាយស្មន់ជាមួយអ្នកផ្សេង

ភ្នំពេញៈ ស្រ្តីឯណាមិនក្តុកក្តួលក្នុងចិត្ត និយាយលែងចេញគ្មានវាចារថ្លែង ក្រោយពីលោកប្តីផឹកស្រវឹង តែងតែចោទប្រកាន់ថាប្រពន្ធលួចមានសាហាយស្មន់ជាមួយបងថ្លៃ មិនតែប៉ុណ្ណោះសោតថែមទាំងប្រើអំពើហិង្សាក្នុងគ្រួសារជាញឹកញាប់ ធ្វើបាបផ្លូវចិត្តឥតស្រាកស្រាន្ត ទ្រាំងលែងបាននូវទង្វើររបស់ប្តី សម្តីគ្មានការគិតពិចារណា ទើបស្រ្តីជាកម្មការនីរោងចក្រម្នាក់ សម្រេចរត់ទៅសុំការអន្តរាគមន៍ពីនគរបាលប៉ុស្តិ៍ចោមចៅ កាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះ ។
ស្រ្តីខាងលើមានឈ្មោះ ស៊ន សារឹម អាយុ៣៧ឆ្នាំ ជាកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ស្រុកត្រាំកក់ ខេត្តតាកែវ ។ ចំណែកប្តី មានឈ្មោះ សៅ សុខ អាយុ៣៤ឆ្នាំ មុខរបរ កម្មករឃ្លាំងអេតចាយ ។ គ្រួសារខាងលើ មានកូនប្រុសចំនួន២នាក់ ក្នុងបន្ទុក ជាចំណងស្នេហ៍ ក្រោយអាពាហ៍ពិពាហ៍។

តាមការរៀបរាប់ពីស្រ្តីខាងលើ ពោលបណ្តើរសម្រក់ទឹកភ្នែកបណ្តើរថា ខ្លួនក្រោយពីឪពុកម្តាយ ផ្សំផ្គុំរៀបចំឲ្យមានគូស្រករ ទទួលស្គាល់ទាំងផ្លូវច្បាប់ ទទួលស្គាល់ទាំងមេបាចាស់ទុំសងខាង អស់រយៈពេល១៦ឆ្នាំកន្លងមកហើយ ដោយក្នុងស្ថានភាពគ្រួសារ ជួបបញ្ហាផ្នែកជីវភាព ខ្វះខាត ហើយដើម្បីសម្រួលក្នុងស្ថានការណ៍ ជីវភាពក្រោយពីចាប់ដៃគ្នាជាប្តីប្រពន្ធ ស៊ូទុកកូនតូចៗ គ្រាន់បាននៅរៀនសូត្រ ឯស្រុកកំណើត ចំណែកប្តីនិងប្រពន្ធ ខិតខំស្រវាសង្វាទ រកការងារធ្វើ ជាកម្មការនីរោងចក្រ ចំណែកប្តីជាកម្មករឃ្លាំងអេតចាយ ទោះជាការងារ ធ្ងន់ ស្រាល ជួបការលំបាកយ៉ាងណាក៏ដោយ ដើម្បីជីវភាព ចំណូលកម្រៃប្រាក់ឈ្នួល គ្រាប់ផ្គត់ផ្គត់ កូនតូចៗបានរៀនសូត្រ ស៊ូទ្រាំស៊ីអត់ ស៊ីឃ្លាន ទាំងត្រដាបត្រដួស ព្រោះតែជីវិតបានកើតមកហើយ ក៏ប៉ុន្តែ អនុស្សាវរីយ៍ ដ៏សែនជូរចត់ រវាងប្តីនិងប្រពន្ធ ខណៈដែលមកធ្វើការងារ ស្នាក់អាស្រ័យ ក្រោមដំបូលផ្ទះជួល ក្នុងអំឡុងពេលនេះ លោកប្តី បានស្គាល់មានមិត្តភក្តិ ជួបជុំកម្មវិធីច្រើន ក្លាយទៅជាមនុស្សញៀនវក់នឹងផឹកស្រា ថ្ងៃណាក៏ផឹក ថ្ងៃណាក៏ស្រវឹង បែកគំនិតយកភ្លើងប្រច័ណ្ឌដាក់ខ្លួន។

ស្រ្តីដដែលបន្តទៀតថា បន្ទាប់ពីប្តីងប់ង៉ុលនឹងស្រា ស្រវឹងពេលណាចូលផ្ទះតែងតែបង្កបញ្ហារករឿងប្រពន្ធ គម្រាមសំឡុតហិង្សាវាយដំ មិនត្រឹមតែប៉ុណ្ណោះ មកថែមទាំង ចោទប្រាក់ថាប្រពន្ធលួចមានសាហាស្មន់ជាមួយបងថ្លៃ (បងប្រុសបង្កើតរបស់ប្តី) ទៅវិញ ចំណោទកាក់បន្ទុកបែបនេះ ធ្វើឲ្យមជ្ឈដ្ឋានពលរដ្ឋក្បែរខាង គេហួសចិត្តគ្រប់គ្នា ជាលេសភាសាររបស់លោកប្តីពេលដែលស្រវឹង ជារឿងញយដងទៅហើយ ទោះជាសាច់ញាតិ ក្រុមគ្រួសារ ព្យាយាមពន្យល់ អប់រំផ្លូវចិត្តយ៉ាងណាក៏ដោយ លទ្ធផលពុំមានទាល់តែសោះ រហូតមកដល់វេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ នេះក្រោយ ប្តីងើបចេញពីវង់ផឹកស៊ីនៅក្បែរបន្ទប់ជួល ក្នុងសភាពស្រវឹងទៀតហើយ ត្រៀមខ្លួនទក់សាច់ ត្រៀមខ្លួនក្រំចិត្ត ពិតជាក់ណាស់ទៅហើយ គ្រាន់តែដើរចូលដល់បន្ទប់ រករឿងឡូឡា សម្តីគ្មានមេត្តា កាយវិកាគ្មានខន្តី ចាប់បោចសក់ វាយ ក្បាលចាប់បោក របួសជាដំណំ ទាំងគ្មានហេតុផល ។
ដោយសារទង្វើរបែបនេះ របស់ប្តីទ្រាំលែងបាន សម្រេចរត់ទៅសុំកាអន្តរាគមន៍ នៅប៉ុស្តិ៍នគរបាលចោមចៅ មេត្តាជួយធ្វើយ៉ាងណា អប់រំ ប្រដៅទូន្មាន ខណៈដែលកន្លងមកធ្លាប់បបួលគ្នាទៅស្រុកកំណើតដើម្បីសម្របសម្រួលសុំលែងលះ តែខាងប្តីមមិនព្រម គ្រាន់តែសន្យាខ្យល់ បញ្ឈប់ប្រើអំពើហិង្សាក្នុងគ្រួសារ ផ្ទុយទៅវិញនៅតែដដែល ។ ការទួញសោករបស់ស្រ្តីខាងលើ និងការរៀបរាប់ គ្រាន់តែសម្តីភាគីតែម្តាងតែប៉ុណ្ណោះ ខណៈដែលមិនទាន់មានវត្តមានភាគី សម្តីខាងប្តីនៅឡើយ ៕

មតិយោបល់