ក្រុមជម្រើសជាតិថៃ នៅសល់មួយប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ នឹងអស់សិទ្ធប្រកួតជម្រុះ World Cup ២០១៨ ដែលនឹងរៀបចំឡើងក្នុងប្រទេសរុស្ស៊ី។
ការប្រកួតយប់មិញនេះ ពិតជាតានតឹងយ៉ាងខ្លាំង សម្រាប់ក្រុមជម្រើសជាតិថៃ ក្នុងការទទួលស្វាគមន៍ ក្រុមជម្រើសជាតិអ៊ីរ៉ាក់។ យ៉ាងណាក៍ដោយ ក្រុមថៃបានបន្តប្រវត្តិមិនស្គាលពាក្យថាឈ្នះ ក្នុងពូលB នេះ ក្រោយពីចាញ់ ក្រុម អ៊ីរ៉ាក់ ១-២ ។ តាមពិតទៅ ថៃ មានឱកាសតាមស្មើក្រុមអ៊ីរ៉ាក់ទៅហើយ ដោយការស៊ុតរបស់កីឡាករ Tristan Do នៅនាទីទី ៦៣ បន្ទាប់ពីអ៊ីរ៉ាក់បាននាំមុខមុនតាំងពីតង់ទី១ ដោយការស៊ុតរបស់កីឡាករ Justin Meram នៅនាទីទី ៣៤។ យ៉ាងណាវិញ ក្តីសង្ឃឹមរបស់ថៃ ក្នុងការរក១ពិន្ទុ នេះត្រូវបានបញ្ចប់ក្រោយពីកីឡាករ Thitipan Puangchan ទទួលបានកាតក្រហម បន្ទាប់ពីទទួលកាតលឿង ២ ដែលធ្វើឲ្យក្រុមជម្រើសជាតិថៃ កាន់តែរងសម្ពាធយ៉ាងខ្លាំង។ ហេតុនេះហើយ នៅនាទីទី ៨៥ កីឡាករ Saad Abdul-Amir ស៊ុតបាល់ ១១ម៉ែត្រយកឈ្នះលើក្រុមថៃ ក្រោយពីថៃបានបង្កលំហុសក្នុងតំបន់គ្រោះថ្នាក់ ១១ ម៉ែត្រ។
ដូច្នេះហើយ ឆ្លងកាត់ការប្រកួត ៩ប្រកួតកន្លងមកនេះ ថៃ ចាញ់ ៧ប្រកួតស្មើ២ មិនស្គាល់ពាក្យថាឈ្នះ ឈរបាតតារាង ក្នុងពូលB ខណៈការប្រកួតចុងក្រោយ ត្រូវធ្វើដំណើរទៅជួបក្រុម ជើងខ្លាំងអូស្ត្រាលី ផងដែរ។
មតិយោបល់