ព័ត៌មានកីឡា

Pique ស្រក់ទឹកភ្នែក ក្នុងការផ្តល់បទសម្ភាសន៍

ខ្សែការពារអេស្ប៉ាញ របស់ក្រុម Barcelona កីឡាករ Gerrard Pique បានស្រក់ទឹកភ្នែកក្នុងការធ្វើបទសម្ភាសន៍ ជាមួយអ្នកសារពត៌មានក្រោយចប់ការប្រកួតជាមួយក្រុម Las Palmas នាពេលកន្លងមកនេះ។

បើតាមការចុះផ្សាយរបស់ ESPN reports បានឲ្យដឹងថា​ ខ្សែការពារ​ Gerrard Pique បានស្រក់ទឹកភ្នែក បន្ទាប់ពីប្រកួតឈ្នះក្រុម​ Las Palmas ៣-០ ក្នុងទឹកដីខ្លួនឯង។ ការស្រក់ទឹកភ្នែកនេះដែរ ដោយសារតែ Pique មានការសោកស្តាយយ៉ាងខ្លាំង ចំពោះការកើតមានឡើង នូវរឿងរ៉ាវដ៍អាក្រក់ ដែលបណ្តាលឲ្យមនុស្ស ៨០០នាក់រងរបួសក្នុងការប៉ះទង្គិចគ្នាជាមួយប៉ូលីស។ ម្យ៉ាងវិញទៀត Pique ក៍មានការសោកស្តាយ ចំពោះការប្រកួតដែលមិនមានអ្នកចូលរួមទស្សនាផ្ទាល់ក្នុងទីលាន ជាហេតុធ្វើឲ្យ Nou Camp សោះកក្រោះយ៉ាងខ្លាំង។ ជាការពិតណាស់ វិបត្តិនយោបាយនៅ ក្នុងតំបន់ បានធ្វើឲ្យ Barcelona បង្ខំចិត្តបិទទ្វារការប្រកួត មិនទទួលអ្នកទស្សនា ឡើយ។ យ៉ាងណាវិញ Pique បាននិយាយថា ការប្រកួតជាមួយ Las Palmas គឺធ្វើឡើងទាំងបង្ខំចិត្ត ថ្វីត្បិតតែយើងឈ្នះការប្រកួតនេះ តែយើងមិនសប្បាយចិត្តឡើយ ចំពោះហេតុការណ៍ដ៍អាក្រក់កំពុងកើតមានក្នុងតំបន់។

Pique បានបន្ថែមទៀតថា​ ការប្រកួតនេះ ប្រៀបដូចជាការប្រកួតធម្មតាមួយ ព្រោះថា នៅលើទីលាន បើគ្មានអ្នកគាំទ្រទេ ការប្រកួតមិនរស់រវើកឡើយ។ យើងបានឆ្លងកាត់ការប្រកួតដ៍ជូរចត់បំផុតក្នុងប្រវត្តិសាស្ត្រក្លិប ហើយយើងសង្ឃឹមថា​ ការប្រកួតក្រោយនេះ នឹងមិនមានរឿងនេះកើតឡើងទៀតឡើយ។ យើងចង់មានការប្រកួត ដែលមានអ្នកទស្សនាផ្ទាល់ ដូចគេដូចឯង មិនមែនស្ងាត់ជ្រងំុ ដូចប្រកួតនៅតំបន់គ្មានមនុស្សបែបនេះឡើយ។

មតិយោបល់