ខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero ត្រូវបានក្រុមគ្រូ ពេទ្យក្នុងប្រទេសអាហ្សង់ទីន ផ្តល់ពត៌មានឲ្យដឹងថា កីឡាកររូបនេះ ត្រូវអវត្តមាន ៦សប្តាហ៍ដោយសារតែបាក់ឆ្អឹងជំនី នៅក្នុងគ្រោះថ្នាក់ពេលប៉ះទង្គិចឡាន កាលពីពាក់កណ្តាលសប្តាហ៍មុននេះ។
ការអវត្តមាន៦ សប្តាហ៍របស់តារាស៊ុត Sergio Aguero នេះដែរ បានក្លាយជាក្តីកង្វល់មួយសម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន ដែលកំពុងត្រៀមប្រកួតយ៉ាងសំខាន់ជាមួយក្រុម ប៉េរ៉ូ នាការជម្រុះ World Cup នាថ្ងៃទី ៦ខាងមុខនេះ។ ម្យ៉ាងវិញទៀត សម្រាប់ក្រុម Man City វិញក៍មានក្តីកង្វល់ផងដែរ ព្រោះថាក្លិបកំពុងតែប្រជែងយ៉ាងខ្លាំងក្លាជាមួយក្រុមបីសាចក្រហម Manchester United ដែលកំពុងតែមានពិន្ទុស្មើគ្នាក្នុងតារាង Premier League ។ Aguero បានបាក់ឆ្អឹងជំនី ដែលតម្រូវឲ្យរូបគេសម្រាកព្យាបាលរយៈពេល ៦សប្តាហ៍ដើម្បីឲ្យជាស្រួលបួល មុនវិលទៅកាន់ទីលានប្រកួតវិញ។
បើតាមក្រុមគ្រូពេទ្យក្នុងប្រទេសអាហ្សង់ទីន បានឲ្យដឹងថា ការបាក់ឆ្អឹងជំនីនេះដែរ Aguero ត្រូវសម្រាកឲ្យបានជាស្រួលបួលសិន ដោយមិនអាចទៅកាន់ទីលានហ្វឹកហាត់មុនការកំណត់បានឡើយ ព្រោះថាវាអាចប៉ះពាល់ដល់ ដល់ឆ្អឹងដែលតភ្ជាប់នោះ មិនទាន់ជាស្រួលបួល។ ដូច្នេះហើយ ដំណឹងនេះ អាចជាដំណឹងដ៍អាក្រក់សម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន និងក្រុម Manchester City ដែលត្រូវការកីឡាកររូបនេះយ៉ាងសំខាន់បំផុតនោះ។
មតិយោបល់