ព័ត៌មានកីឡា

Neymar មានអារម្មណ៍នឹក Barcelona តែកំពុងសម្លឹងឃើញគោលដៅថ្មីនៅ PSG

ខ្សែប្រយុទ្ធប្រេស៊ីល Neymar ដែលកំពុងតែលេងឲ្យក្រុម​ Paris Saint Germain នៅ League1 ​របស់បារាំងត្រូវ​បានទម្លាយឲ្យដឹងថា កីឡាកររូបនេះ នឹកក្លិបចាស់របស់គេ Barcelona ខ្លាំងណាស់។

នៅក្នុងការចុះផ្សាយរបស់ Diario Gol បានឲ្យដឹងថា តារាដ៍ឆ្នើម កំពុងមានប្រជាប្រិយភាព Neymar កំពុងនឹកដល់ក្លិបចាស់របស់គេ Barcelona ។ ប្រភពដដែលបានឲ្យដឹងបន្ថែមទៀតថា ទោះបីជា Neymar នឹក Barcelona តែមិនមែនមានន័យថា រូបគេចង់ត្រឡប់​ទៅអេស្ប៉ាញវិញឡើយ គឺ Neymar នឹកដល់ផ្ទះរបស់គេ នៅ Barcelona ដែលធ្លាប់ផ្តល់ការរស់នៅយ៉ាងប្រសើរសម្រាប់រូបគេ។ Neymar បានឲ្យដឹងថា ការរស់នៅទីក្រុង​ Paris ថ្វីត្បិតតែ ជាទីក្រុងដ៍ធំ​ និងប្រជុំទៅដោយតំបន់ពាណិជ្ជកម្មមែនពិត​តែសម្រាប់រូបគេ ហាក់ដូចជាមិនទាន់ទម្លាប់រស់នៅឡើយ ព្រោះថាទាំងភាសា និងទំនៀមទម្លាប់រស់នៅ ខុសគ្នាពីកាល​នៅ Barcelona ដែលមិនទាន់ផ្តល់ភាពងាយស្រួលដល់​រូបគេឡើយ។

ហេតុនេះហើយ Neymar ពិតជាមានអារម្មណ៍នឹកដល់ផ្ទះ នៅ Barcelona ខ្លាំងណាស់ ព្រោះថាវាជាទីកន្លែងយ៉ាងប្រសើរសម្រាប់រូបគេ និងក្រុមគ្រួសារ។ យ៉ាងណាវិញ Neymar បានដាក់គោលដៅយ៉ាងច្បាស់សម្រាប់រូបគេ​ ហើយថា រយ:ពេល ៥ឆ្នាំ ក្នុងការលេងឲ្យក្រុម Paris Saint Germain នេះរូបគេ ត្រូវតែជួយឲ្យក្លិប ឈ្នះ Champion League ព្រមទាំងធ្វើឲ្យរូបគេផ្ទាល់ ឈ្នះ Balon D’Or ផងដែរ។

គួរបញ្ជាក់ផងដែរថា Neymar បានចាកចេញពី Barcelona មកកាន់ Paris Saint Germain ក្នុងតម្លៃ ២២២លានអឺរ៉ូ ដែលការចាកចេញមកនេះ គឺដើម្បីគេចចេញពីស្រមោល របស់ Lionel Messi ។ រង់ចាំមើលថា តើ​ Neymar អាចសម្រេចក្តីបំណងរបស់គេ នៅ Paris Saint Germain បានដែរឬទេ?

មតិយោបល់