លោក Leonardo Vitorino ដែលជាគ្រូបង្វឹករបស់កម្ពុជាបានជឿជាក់ថានឹងទទួលបានជ័យជំនះលើវៀតណាម ក្នុងការប្រកួតដណ្តើមពានរង្វាន់ Asian Cup ឆ្នាំ 2019 នៅថ្ងៃទី ១០ ខែតុលា ខាងមុខនេះ។
យោងតាមការចុះផ្សាយរបស់វេបសាយវៀតណាមមួយបានលើកឡើងពីសំដី គ្រូសញ្ជាតិប្រេសុីល ថា៖ «កីឡាករមានពេលវេលាតិចតួចសម្រាប់ការហ្វឹកហាត់ ទើបតែបានចូលរួមវគ្គហ្វឹកហាត់ចាប់ពីថ្ងៃទី ០១ ខែតុលា មកទេ។ ដូច្នេះការប្រកួតមិត្តភាពជាមួយឥណ្ឌូនេស៊ី គឺជាការសាកល្បងដ៏សំខាន់របស់យើងជាពិសេសបន្ទាប់ពីយើងបានធ្វើការផ្លាស់ប្តូរខ្លះនៅក្នុងក្រុម»។
បុរសវ័យ ៤៣ឆ្នាំ បានបន្ថែមទៀតថា បើទោះបីជាយើងមិនអាចឈ្នះឥណ្ឌូណេស៊ី តែយើងមិនមានអ្វីដែលត្រូវខ្លាចវៀតណាមឡើយ។ ប្រសិនបើយើងអាចរកបានបីពិន្ទុពីពួកគេ(វៀតណាម) ខ្ញុំជឿជាក់ថាយើងនឹងអាចឈានដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Asian Cup ឆ្នាំ 2019 ។
គួរំលឹកលើងវិញថា កាលពីថ្ងៃទី០៥ ខែកញ្ញា កម្ពុជា បានបរាជ័យក្រោមថ្វីជើង វៀតណាម ដោយលទ្ធផល ១ទល់២ នាពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ។ ក្រុមគោព្រៃ កំពុងស្ថិតនៅចំណាត់ថ្នាក់លេខបី ក្នុងពូល C ដោយមាន ៣ ពិន្ទុក្នុងដៃ តាមពីក្រោយក្រុមលេខ១ ហ្ស៊កដានី ៤ពិន្ទុ នឹងវៀតណាម មាន ៥ពិន្ទុ ឈរនៅលេខ២៕



មតិយោបល់