ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ នឹងត្រូវប្រកួតជាមួយ ជម្រើសជាតិហ្វីលីពីនអាយុក្រោម ១៩ឆ្នាំ នៅវេលាម៉ោង ៦:៣០ នាទីល្ងាចនេះ ដែលជាជំនួបចុងក្រោយ នៃពូល G ក្នុងវគ្គជម្រុះ ពានរង្វាន់យុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម១៩ឆ្នាំ ( AFC U-19 Championship 2018) នាកីឡដ្ឋានស្តាតចាស់។
នៅក្នុងសន្និសីទសារព័ត៌មានបុរសសញ្ជាតិជប៉ុនលោក Inoue Kazunori គ្រូកម្ពុជា បានលើកឡើងថា៖ «ខ្ញុំបានមើលការប្រកួតរបស់ U-19 ហ្វីលីពីន រួចហើយ ជាក់ស្តែងការពាររបស់គេរឹងមាំ អញ្ចឹងបើយើងព្យាយាមលេងបាល់លឿនមិនពិបាកទេ ប៉ុន្តែខ្ញុំគិតថាកម្ពុជានឹងហ្វីលីពីនប្រហាក់ប្រហែលគ្នា ខ្ញុំអត់ដែលគិតថាអាចឈ្នះស្រួលៗនោះទេ តែខ្ញុំនឹងតាំងចិត្តយកជ័យជម្នះឲ្យបាន»។
គួរបញ្ជាក់ផងដែរថា U-19 កម្ពុជា កំពុងឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងពូលដោយមាន ៣ពិន្ទុ ស្មើគ្នាជាមួយក្រុមលេខ៣ U-19 មីយ៉ាន់ម៉ា ខណ:ដែល U-19 ចិន មាន ៦ពិន្ទុ ឈរកំពូលតារាង៕
មតិយោបល់