ព័ត៌មានកីឡា

Man City មិនឲ្យរបូត De Bruyne ឡើយ

ក្រុមកំពុងលេងឡើងជើង ដូចទឹកបាក់ទំនប់ Manchester City កំពុងតែរៀបចំ ចុះកុងត្រាថ្មីជាមួយ​ខ្សែបម្រើប្រយុទ្ធ Kevin De Bruyne ដើម្បីកុំឲ្យកីឡាកររូបនេះ ចាកចេញទៅកាន់ក្រុម Paris Saint Germain ។

បើតាមការចុះផ្សាយរបស់ Sky Sports បានឲ្យដឹងថា Man City នឹងធ្វើការអន្ទងចិត្តឲ្យ កីឡាករប៊ែលហ្ស៊ិក Kevin De Bruyne ចុះកុងត្រាថ្មីជាមួយក្រុម Man City បន្តទៀត។ ជាក់ស្តែងណាស់ De Bruyne បានផ្លាស់មកកាន់ក្រុម Man City ពីក្រុម Worlfsburg ក្នុងតម្លៃ ៥៥លានផោន និងទទួលបានប្រាក់ប្រចាំសប្តាហ៍ ចំនួន ១១៥០០០ផោន​។ ក៍ប៉ុន្តែ សម្រាប់ការបន្តកុងត្រាថ្មី​នេះដែរ Kevin De Bruyne នឹងទទួលបានទឹកប្រាក់ ៦លានផោន ក្នុងមួយឆ្នាំ រួមទាំង កើនប្រាក់ប្រចាំសប្តាហ៍បន្ថែមទៀត រហូតដល់ទៅ ២០ម៉ឺនផោន ក្នុងមួយសប្តាហ៍ផងដែរ។

ការផ្តល់ប្រាក់​យ៉ាង​ច្រើនបែបនេះ ដល់ De Bruyne គឺក្រុម Man City មានបំ​ណងចង់ឲ្យកីឡាករដែលកំពុងតែលេងឡើងជើងរូបនេះ​ បន្តមានវត្តមាន នៅ Man City បន្តទៀត ក្នុងន័យ កុំឲ្យ De Bruyne ចាកចេញទៅកាន់ក្រុម Paris Saint Germain ដែលកំពុងតែចាប់អារម្មណ៍លើ​ កីឡាកររូបនេះ យ៉ាងខ្លាំង។ ជាការពិតណាស់ Kevin De Bruyne បានបង្ហាញខ្លួនយ៉ាងល្អ ឲ្យក្រុម Man City នៅរដូវកាលនេះ ដែលត្រូវបានគេជឿជាក់ថា សមត្ថភាព របស់កីឡាកររូបនេះ មិនចាញ់ កំពូលកីឡាករឆ្នើមលំដាប់ ពិភពលោក ២រូបនាពេលបច្ចុប្បន្ននេះ គឺ Cristiano Ronaldo និង Lionel Messi ឡើយ។​

ដូច្នេះហើយ ក្រុម Man City នឹងមិនឲ្យរបូតកីឡាករឆ្នើមប៊ែលហ្សិក រូបនេះឡើយ ដោយក្រុមកំពុងឈរកំពូលតារាង Premier League មួយនេះ នឹងធ្វើគ្រប់បែបយ៉ាង ដើម្បីរក្សាកីឡាករដ៍ឆ្នើមរូបនេះ។

មតិយោបល់