ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា អង្គរ អ៊ែរ បើកជើងហោះហើរជាលើកដំបូងពី ហុងកុង មកខេត្តសៀមរាប

ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ បានសម្រេចបើកជើងហោះហើរជាលើកដំបូងពី ទីក្រុងហុងកុង មកកាន់ខេត្តសៀមរាប។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីពេលថ្មីៗនេះ។

ក្រុមហ៊ុន មានវត្តមាន ក្នុងទីផ្សារដឹកជញ្ជូនផ្លូវអាកាស ក្នុងឆ្នាំ ២០០៩ មកទល់បច្ចុប្បន្ន មានយន្តហោះចំនួន ៦គ្រឿង កំពុងប្រតិបត្តិការជាង ១០គោលដៅ ទាំងក្នុងស្រុក និងក្រៅស្រុក។

ការបើកជើងហោះហើរត្រង់ពី សៀមរាប ទៅមក ហុងកុង គឺដោយសារការសម្លឹងឃើញពី សក្តានុពលនៃ ទីផ្សារឧស្សាហកម្មហោះហើរ កាន់តែល្អប្រសើរ ព្រោះទីក្រុងហុងកុង ជាតំបន់ទេសចរណ៍ ហើយអ្នកទេសចរទាំងនោះ អាចបន្តមកលេងខេត្តសៀមរាបបាន។

ជើងហោះហើរថ្មីនេះ គឺនៅពេលព្រឹក ដឹកជញ្ជូនអ្នកដំណើរ ចេញពីក្រុងសៀមរាប ទៅកាន់ទីក្រុងហុងកុង និងពេលរសៀល ចេញពីទីក្រុងហុងកុង មកកាន់ក្រុមសៀមរាបវិញ។

ក្រុមហ៊ុន ក៏កំពុងកំណត់ចក្ខុវិស័យទីផ្សារទៅកាន់ ប្រទេសឥណ្ឌា ដោយគ្រោងនាំភ្ញៀវទេសចរឥណ្ឌា មកទស្សនាអង្គរវត្ត ឲ្យបានច្រើន ព្រោះអង្គរវត្ត ជាប្រាសាទហិណ្ឌូធំបំផុត នៅក្នុងពិភពលោក។

គួររម្លឹកដែរថា ជើងហោះហើរត្រង់ថ្មីចំនួន ១៣ខ្សែ មកពីជុំវិញតំបន់ បានចាប់ផ្តើមធ្វើប្រតិបត្តិការហោះហើរត្រង់មកកម្ពុជា ក្នុងឆ្នាំ​ ២០១៦ ដែលបានបង្ហាញពីការរីកលូតលាស់ដ៏ល្អប្រសើរនៃ ទំនាក់ទំនងផ្លូវអាកាសរបស់កម្ពុជា៕

មតិយោបល់