ព័ត៌មានកីឡា

គ្រូកម្ពុជា​ នឹងមីយ៉ាន់ម៉ា ចាត់ទុកការប្រកួតមិត្តភាពស្អែកសំខាន់បំផុត

លោក ប្រាក់​ សុវណ្ណារ៉ា នឹងត្រូវដឹកនាំក្រុមជម្រើសជាតិកម្ពុជា ប្រកួតមិត្តភាពអន្តរជាតិជាមួយ មីយ៉ាន់ម៉ា នៅថ្ងៃទី០៩ ខែវិច្ចិកា វេលាម៉ោង ៦ៈ៣០ នាទីល្ងាច នៅពហុកីឡដ្ឋានជាតិ ខណៈគ្រូបង្វឹកក្រុមទាំងពីរបានចាត់ទុក្ខជំនួបស្អែកនេះសំខាន់បំផុត។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកមិញនេះ លោក ប្រាក់​ សុវណ្ណារ៉ា បាននិយាយថា៖ «ខ្ញុំបានស្គាល់គ្រូមីយ៉ាន់ម៉ាច្បាស់ ព្រោះខ្ញុំបានទៅទីនោះច្រើនដងមកហើយ សម្រាប់ការប្រកួតស្អែកមិនមែនត្រឹមតែ ដើម្បីត្រៀមប្រកួតជាមួយ ហ្សកដានី នោះទេ។ ប៉ុន្តែយើងនឹងផ្តោតទៅលើលទ្ធផលផងដែរ។

ស្របពេលដែលគ្រូមីយ៉ាន់ម៉ា លោក Gerd Zeise លើកឡើងថា៖ «ខ្ញុំធ្លាប់មកទីនេះម្តងមកហើយកាលពីឆ្នាំ២០១១ ហើយខ្ញុំបានដឹងច្រើនពីក្រុមជម្រើសជាតិកម្ពុជា សម្រាប់ការប្រកួតនៅថ្ងៃស្អែកគឺសំខាន់សម្រាប់មីយ៉ាន់ម៉ា ហើយជាជំនួបដ៏ទាក់ទាញ។ ក្នុងជំនួបនេះសម្រាប់ក្រុមមីយ៉ាន់ម៉ា គឺត្រៀមប្រកួតផ្លូវការណ៍ជាមួយក្រុម ឥណ្ឌា»។ លោកបានបន្ថែមថា ស្អែកនេះយើងនឹងអាចមើលកីឡាករ នឹងចំណុចខ្វះខានដើម្បីកែរតម្រូវនៅពេលប្រកួតផ្លូវការណ៍។

សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែវិច្ចិកា ឆ្នាំ២០១៧ខាងមុខ គោព្រៃ នឹងត្រូវទទួល ហ្សកដានី នាវេលាម៉ោង ៦ៈ៣០ នាទីល្ងាច នៅពហុកីឡដ្ឋានជាតិ ខណៈដែល មីយ៉ាន់ម៉ា ត្រូវប្រកួតជាមួយ ឥណ្ឌា ថ្ងៃដដែល ក្នុងវគ្គជម្រុះតាមពូលនៃពានរង្វាន់ AFC Asian Cup UAE 2019៕

មតិយោបល់