ព័ត៌មានជាតិ

ចោរ២នាក់ វាយប្លន់ម៉ូតូពីអ្នកគ្រូបង្រៀនម្នាក់មិនសម្រេច ជាប់អន្ទាក់របស់សមត្ថកិច្ច!

ភ្នំពេញៈ​ ក្រុមជនសង្ស័យវាយប្លន់យកម៉ូតូ​ចំនួន២នាក់ ក្នុងចំណោមបក្ខពួក៣នាក់​ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយពីធ្វើសកម្មភាពវាយប្លន់យកម៉ូតូ​ មួយគ្រឿងពីអ្នកគ្រូបង្រៀនម្នាក់បានសម្រេច​ តែគេចមិនរួច។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​ ៨និង៣០នាទីព្រឹក​ ថ្ងៃទី៨​ ខែវិចិ្ឆកា​ ឆ្នាំ២០១៧​ នៅចំណុចផ្លូវលំ​ ភូមិថ្នល់បន្ទាយ​ សង្កាត់ពន្សាំង​ ខណ្ឌព្រែកព្នៅ​ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង​ ២នាក់ខាងលើ​ ទី១-ឈ្មោះ​ ជួន​ ធី​ ភេទប្រុស​ អាយុ​ ៥០ឆ្នាំ​ មុខរបរ​ មិនពិតប្រាកដ​ មានទីលំនៅភូមិម្រះពេន​ ឃុំម្រះពេន​ ស្រុកសំរោង​ ខេត្តតាកែវ​ និងជនសង្ស័យទី២-ឈ្មោះ​ គឹម​ ទីននីន​ ហៅទីន​ ភេទប្រុស​ អាយុ​ ៣០ឆ្នាំ​ មុខរបរ​ មិនពិតប្រាកដ​ ស្នាក់នៅម្តុំលូ៥​ សង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ មានស្រុកកំណើតនៅភូមិចំការស្រូវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ចំណែកឯស្ត្រីរងគ្រោះមានឈ្មោះ​ ផាន់​ ចិន្តា​ អាយុ​៣២ឆ្នាំ​ មុខរបរ​ គ្រូបង្រៀន​ ស្នាក់នៅភូមដើមច័ន្ទ​ សង្កាត់ពន្សាំង​ ខណ្ឌព្រែកព្នៅ​ រាជធានីភ្នំពេញ។
រីឯម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពប្លន់យកហើយគេចមិនរួចនោះម៉ាក ឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FL-0242។

ប្រភពពីស្ត្រីជាជនរងគ្រោះបានឲ្យដឹងថា​ នៅមុនពេលកើតហេតុ​ ជនរងគ្រោះបានឌុប​កូននិងក្មួយប្រុស​ ២នាក់​ អាយុ​៤ទៅ៥ឆ្នាំ ដោយចេញពីផ្ទះ​ ក្នុងគោលបំណងជូនកូនក្មួយទៅរៀន​ ហើយចែកសៀវភៅឲ្យសិស្សនៅវិទ្យាល័យ​ បឹងព្រៃ​ បន្ទប់ពីចែកសៀវភៅឲ្យសិស្សរួច​ រូបគាត់បានជិះម៉ូតូម្នាក់ឯងចេញពីសាលាខាងលើ​ ដើម្បីទៅបង្រៀនសិស្សនៅសាលា​ យេស៊ូ​ មួយកន្លែងទៀត​ ខណៈពេលជិះបានចម្ងាយប្រហែល​ ១០០ម៉ែត្រពីសាលា​ ស្រាប់តែមានជនសង្ស័យចំនួន​ ៣នាក់បានម៉ូតូ​ មួយគ្រឿងមិនចាំម៉ាក​តាមក្រោយ មកដល់ចំណុចកើតហេតុពួកគេបានជិះកៀរម៉ូតូរបស់ស្ត្រីរងគ្រោះបណ្តាលឲ្យដួល​ ហើយបក្ខពួកជនសង្ស័យម្នាក់ដែលជិះខាងក្រោយបានស្ទុះលោតចុះពីលើម៉ូតូពួកគេ​ ហើយទៅលើកម៉ូតូជនរងគ្រោះ​ ដើម្បីលើកជិះ​ ហើយជនរងគ្រោះបានស្រែកឆោឡោឲ្យគេជួយ​ ភ្លាមៗនោះ​ ជនសង្ស័យដែលលើកម៉ូតូជនរងគ្រោះនោះ​ បានវាយទៅចំមុខស្ត្រីរងគ្រោះមួយដៃបណ្តាលឲ្យដួល​ រួចហើយក៏បានគំរាមទៅស្ត្រីរងគ្រោះ​ខាងលើ​ និងប្រាប់ទៅបក្ខពួកថា​ ឲ្យយកកាំភ្លើងមកបាញ់​ ហើយពេលនោះ​ ជនរងគ្រោះក៏លែងស្រែកឆោឡោ​ ខ្លាចពួកវាបាញ់សម្លាញ់​ រួចមកជនសង្ស័យទាំង​ ៣នាក់បាននាំគ្នាយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់។​

ក្រោយពីកើតហេតុ​ ភ្លាមៗជនរងគ្រោះបានរត់មកប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង​ ដើម្បីប្រាប់ពីភិនភាគម៉ូតូដែលជនសង្ស័យប្លន់យកជិះទៅ។​

ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ​ សមត្ថកិច្ចខណ្ឌព្រែកព្នៅ​ បានសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ពន្សាំង​និងប៉ុស្តិ៍ព្រែកព្នៅ ធ្វើការដេញតាមជនសង្ស័យទាំង​ ៣នាក់នោះភ្លាមៗ​ រហូតមកដល់ចំណុចមុខផ្សារ​ ព្រែកព្នៅ​ ផ្លូវ១៥១ក្នុងភូមិព្រែកព្នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ទើបកម្លាំងសមត្ថិច្ចឃាត់ខ្លួនបានជនសង្ស័យ​ ២នាក់​ និងដកហូតបានម៉ូតូ​ជនរងគ្រោះមក​ វិញ។ ចំណែកឯបក្ខពួកគេម្នាក់ទៀតបានរត់គេចខ្លួនបាត់​។ ក្រោយពីកើតហេតុ សមត្ថកិច្ចខណ្ឌព្រែកព្នៅបានធ្វើឯកសារប្រគល់ម៉ូតូទៅឲ្យជនរងគ្រោះវិញ។​

បច្ចុប្បន្នជនសង្ស័យទាំង​ ២នាក់ខាងលើ​ ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ​ ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់