ព័ត៌មានកីឡា

មុនប្រកួតលោក ប្រាក់ សុវណ្ណារ៉ា ព្រួយបារម្ភចំណុចមួយរបស់កីឡាករ

គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា លោក ប្រាក់ សុវណ្ណារ៉ា បានលើកឡើងនៅចន្លោះខ្វះខាតរបស់កីឡាករ ដែលអាចរបូតគ្រាប់បាល់ នៅពេលប្រកួតមិត្តភាពអន្តរជាតិជាមួយ មីយ៉ាន់ម៉ា។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញ គ្រូថ្វីកម្ពុជា បាននិយាយថា៖«ចំពោះរយៈពេលនៃការប្រមូលផ្តុំហ្វឹកហាត់សម្រាប់ត្រៀមប្រកួតវាគ្រាប់គ្រាន់ហើយ ប៉ុន្តែអ្វីដែលយើងត្រូវពង្រឹងនឹងព្រួយបារម្ភនោះគឺ “បាល់ជ្រុង” កីឡាករទាំងអស់ត្រូវតែពង្រឹកចំណុចនេះបន្ថែមទៀត ខ្ញុំមើលឃើញថាយើងនៅចន្លោះកន្លែងនេះ»។ អតីតគ្រូបឹងកេត បានបន្ថែមថា រាល់ការប្រកួតគឺយើងតែងតែចង់ឈ្នោះ ដូច្នេះហើយក្នុងជំនួបជាមួយមីយ៉ានម៉ា មិនមែនគ្រាន់តែប្រកួតធម្មតាទេ តែយើងក៏គិតរឿងលទ្ធផលដែរ។

ជំនួបនេះធ្វើឡើងសម្រាប់ត្រៀម ប្រកួតនៅថ្ងៃទី១៤ ខែវិច្ចិកា ឆ្នាំ២០១៧ខាងមុខ ដោយ គោព្រៃកម្ពុជា នឹងត្រូវទទួល ហ្សកដានី នាវេលាម៉ោង ៦:៣០ នាទីល្ងាច នៅពហុកីឡដ្ឋានជាតិ ខណ:ដែល មីយ៉ាន់ម៉ា ត្រូវប្រកួតជាមួយ ឥណ្ឌា ថ្ងៃដដែល ក្នុងវគ្គជម្រុះតាមពូលនៃពានរង្វាន់ AFC Asian Cup UAE 2019 ដូចគ្នា៕

មតិយោបល់