ក្រុមស្តេចស Real Madrid ថ្វីបើមិនទាន់បានបណ្តេញលោក Zinedine Zidaneចេញពីគ្រូបង្វឹកនាពេលនេះក៍ដោយ តែក្លិបយក្សអេស្ប៉ាញមួយនេះ បានសម្លឹងឃើញគ្រូបង្វឹកថ្មីមួយរូបហើយ។
នេះគឺជារឿងដ៍ភ្ញាក់ផ្អើលថ្មីមួយទៀត ដែលត្រូវបានទម្លាយ ក្រោយពីក្រុម Real Madrid មិនសប្បាយចិត្ត ចំពោះការដឹកនាំរបស់លោក Zidane នៅក្នុងរដូវកាលនេះ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Express News បានឲ្យដឹងថា ក្រុម Real Madrid បានសម្លឹងឃើញលោក Joachim Low វ័យ៥៧ឆ្នាំដែលកំពុងតែដឹកនាំក្រុមជម្រើសជាតិអាឡឺម៉ង់។ បើតាមប្រភពដដែល បានឲ្យដឹងថា Real Madrid នឹងរក្សាតំណែងគ្រូបង្វឹករបស់លោក Zidane រហូតដល់បញ្ចប់រដូវកាលនេះ ដោយរង់ចាំមើលលទ្ធផលថា តើគួរបន្តទៅមុខឬយ៉ាងណាវិញនោះ។ ក៍ប៉ុន្តែ ប្រសិនបើលោក Zidane ដឹកនាំ Real Madrid មិនឈ្នះពានណាមួយក្នុងរដូវកាលនេះ រួមទាំងធ្វើឲ្យ Real Madrid កាន់តែដុនដាបនោះ នោះតំណែងរបស់លោក Zidane មិនអាចបន្តទៀតឡើយ។
យ៉ាងណាវិញនោះ មូលហេតុដែល Real Madrid មិនទាន់សម្រេចក្នុងរដូវកាលនេះ ក្នុងការដូរគ្រូបង្វឹកនោះដោយសារតែ រង់ចាំមើលការដឹកនាំរបស់លោក Zidane បន្តទៀតសិន ម្យ៉ាង Real Madrid នៅមិនទាន់ដុនដាបនៅឡើយ ខណៈលោក Joachim Low កំពុងជាប់ភារកិច្ចដឹកនាំក្រុម ជម្រើសជាតិអាឡឺម៉ង់ទៅលេង World Cup ឆ្នាំក្រោយផងដែរ។ ទំនងជាព្រឹត្តិការណ៍ World Cup ចប់សិននោះ ច្បាស់ណាស់ ថានឹងដឹងរឿងរ៉ាវបន្តទៀត ទាក់ទងនឹងក្រុម Real Madrid ។



មតិយោបល់