ព័ត៌មានកីឡា

អគ្គិសនីកម្ពុជា បន្តយកឈ្នះ ប៉ូលីស ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ការប្រកួតទាល់ទាត់ពានរង្វាន់សម្តេច ហ៊ុន សែន ឈានដល់ដំណាក់កាលទី៥ ជើងទី២ ដោយក្រុមអគ្គិសនីកម្ពុជា បានយកឈ្នះ អគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលីស) ២ទល់១ មុននេះបន្តិច នាកីឡដ្ឋានស្តាតចាស់ ដែលជាទឹកដីរបស់ប៉ូលីស។

នៅដើមតង់ទី១ ក្នុងនាទីទី ៦’ កីឡាករ ទុំ សារ៉ាយ របស់អគ្គិសនីកម្ពុជា​ រកបាន ១គ្រាប់ នាំមុខ ប៉ុន្តែត្រឹមរយៈពេល ៥ នាទីបន្ទាប់ កីឡាករ អុល រ៉ាវី រកគ្រាប់បាល់ឲ្យប៉ូលីស តាមស្មើមកវិញ។ មិនយូប៉ុន្មានអ្វីៗប្រែប្រួលដោយសារខ្សែការពារ ប្រាក់ វណ្ណី របស់ប៉ូលីស ទទួលបានកាតក្រហម ធ្វើឲ្យអគ្គិសនីកម្ពុជា កាន់តែកក់ក្តៅ ព្រោះកាលជំនួបជើងទី១ ឈ្នះ ១ទល់០ រួចមកហើយ។ ទោះជាយ៉ាងណាក៏ដោយក្រុមម្ចាស់ផ្ទះទទួលបានបាល់ ១១ម៉ែត្រ តែកីឡាករ ទិត្យ ឌីណា ធ្វើមិនបានសម្រេច ដោយអ្នកចាំទី គង់ រ៉ាហ្វាត របស់អគ្គិសនីជួយសង្រ្គោះបាន។ នៅចុងតង់ទី២ ក្រុមភ្ញៀវបានដាក់សម្ពាធយ៉ាងខ្លាំង នឹងធ្វើបានសម្រេចនៅនាទីទី ៨៧ ដោយកីឡាករ ម៉ាត់ នូរុណ ដូច្នេះលទ្ធផលចប់ការប្រកួត អគ្គិសនី យកឈ្នះ ២-១។

គួបញ្ជាក់ផងដែរថា អគ្គិសនីកម្ពុជា នឹងត្រូវឡើងទៅកាន់វគ្គ ៤ក្រុមចុងក្រោយ (ពាក់កណ្តាលផ្តាច់ព្រ័ត្រ) ដោយរង់ចាំអ៊ុតមើលក្រុម ភ្នំពេញក្រោន នឹង ណាហ្គាវើល ប្រកួតគ្នា ម៉ោង ៦ល្ងាចនេះ ថាក្រុមណាឡើងមកជួបនៅវគ្គបន្ត៕

មតិយោបល់