ក្រោយចំណាយពេលចំនួន ៩០នាទី នឹងពេលវេលាបន្ថែម ១៥នាទី ២ដង លទ្ធផលបានត្រឹមស្មើគ្នា ០ទល់០ ដូច្នេះ ណាហ្គាវើល នឹង ក្រសួងការពារជាតិ ត្រូវទាត់បាល់ ១១ម៉ែត្រកាត់សេចក្តី ដើម្បីស្វែងរកក្រុមមួយឡើងទៅជួបព្រះខ័នរាជស្វាយរៀង ហើយបន្តទៅជួបបឹងកេត រកក្រុមដែលគ្រងជើងឯកលីគកំពូលកម្ពុជារដូវកាល ២០១៧។
ការទាត់បាល់កាត់សេចក្តីរវាងក្រុមទាំងពីរ កាលពីម្សិលមិញនេះ គឺ ក្រសួងការពារជាតិ បានយកឈ្នះ ណាហ្គាវើល ៤ទល់៣ ខណៈដែលគ្រាប់បាល់ដំបូងរបស់ណាហ្គាវើល ទាត់ដោយកីឡាករកូនកាត់បារាំង គួច ដានី ធ្វើបានសម្រេចហើយតែលោកអាជ្ញាកណ្តាលមិនឲ្យដោយសារតែ យាជើងបញ្ឆោតរួចបានទាត់ ព្រោះច្បាប់ថ្មីមិនអនុញ្ញាតិឲ្យធ្វើដូច្នេះ។ ហេតុនេះហើយណាហ្គាវើល បាត់បង់មួយគ្រាប់ ស្របពេលដែល សួង វីរៈ ត្រូវបានអ្នកចំាទី អ៊ុំ សេរីរ័ត្ន របស់ក្រសួងការពារជាតិ ជួយសង្គ្រោះបានទៀត ទើបធ្វើឲ្យធ្លាក់ចេញពីការប្រកួតដណ្តើមពានរង្វាន់លីគកំពូលកម្ពុជា។
គួបញ្ជាក់ថា ក្រសួងការពារជាតិ នឹងត្រូវឡើងទៅប៉ះក្រុមលេខ២ ព្រះខ័នរាជស្វាយរៀង នៅថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០១៧ ចុងសប្ដាហ៍នេះ លើទីលានកីឡដ្ឋានខេត្តស្វាយរៀង ស្វែងរកក្រុមឈ្នះ ឡើងទៅជួបក្រុមបឹងកេត ដែលឈរកំពូលតារាង នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ លើទីលានពហុកីឡដ្ឋានជាតិ ដើម្បីប្រជែងយកជើងឯកលីគកំពូលកម្ពុជា រដូលកាល ២០១៧៕
មតិយោបល់