កាលពីល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់លីគកំពូលកម្ពុជា ដោយក្រុម ក្រសួងការពារជាតិ បានបរាជ័យក្រោមថ្វីជើង បឹងកេត ដោយបាល់កាត់សេចក្ដី ១១ម៉ែត្រ ៩ទល់១០ បន្ទាប់ពីស្មើគ្នាក្នុងរយៈពេល ៩០នាទីពេញ នឹងបន្ថែម ១៥ នាទី២ដង បានត្រឹម ១ទល់១។
ក្រោយចប់ការប្រកួតលោក ទេព ឡុងរចនា គ្រូបង្វឹកក្រសួងការពារជាតិ បាននិយាយថា៖ «ចំនុចដែលខ្សោយបំផុតនោះ គឺយើងអត់បានរៀបចំក្រុម រៀបចំកីឡាករថ្មី ខណៈដែលបឹងកេត គេបានដូរកីឡាករថ្មី កាលពីដើមឆ្នាំគេអត់មានកីឡាករ Gbenga គេអត់មានកីឡាករលេខ២២ (Maycon) ប៉ុន្តែក្រោយពីគេបានបរាជ័យជុំទី១ ប៉ុន្មានប្រកួតនឹងគេបានផ្លាស់ប្ដូរកីឡាករ អច្ចឹងចំនុចនឹងគេផ្លាស់ប្ដូរកីឡាករល្អ ដូចខ្ញុំបាននិយាយអច្ចឹង បាល់ទាត់គ្រូជាគ្រូ ក៏ប៉ុន្តែបើយើងអត់ចេះរៀបចំកីឡាករទេ ក៏វាមិនអាចនឹងល្អដែរ ទាល់តែមានកីឡាករល្អ អ្វីដែលជាចំនុចខ្សោយយើងគឺការផ្លាស់ប្ដូរកីឡាករយើងអត់មាន»។
គួររម្លឹកថា នេះជាលើកទី២សម្រាប់ក្រុម ក្រសួងការពារជាតិ ក្នុងការទទួលបានចំណាត់ថ្នាក់លេខ២ នៃពានរង្វាន់លីគកំពូលកម្ពុជា ខណៈដែលកាលពីរដូវកាល ឆ្នាំ២០១៦ កន្លងទៅ ក៏ទទួលបានចំណាត់ថ្នាក់លេខ២ ដូចគ្នា ពោលគឺចាញ់ពិន្ទុក្រុមការពារតំណែងជើងឯក បឹងកេត តែ១ពិន្ទុប៉ុណ្ណោះ ដែលកាលនោះ លីគកំពូលកម្ពុជា (២០១៦) មិនមានការប្រកួតជម្រុះ ដណ្ដើមជើងឯកនោះទេ គឺគិតពិន្ទុលើកពានតែម្តង៕
មតិយោបល់