ព័ត៌មានកីឡា

លោក កែវ កុសល នឹងដឹកនាំ បឹងកេត ប្រកួតជាមួយ Lao Toyota FC ស្អែកនេះ

ក្រុមជើងឯកលីគកំពូលកម្ពុជា បឹង​កេត​ បាន​ប្រកាស​តែងតាំង​លោក​ កែវ កុសល​ ជា​គ្រូ​បង្គោល​រយៈពេល​ខ្លី​ ក្នុង​សន្និសីទ​សារព័ត៌មាន ​ថ្ងៃមិញនេះ បន្ទាប់ពីលោក ហៅ សុជាតិ មិនអាចដឹកនាំបានដោយមានត្រឹមសញ្ញាបត្រ B License។

យោងតាមច្បាប់របស់ AFC គឺតម្រូវឲ្យគ្រូបង្វឹកមានកម្រិតសញ្ញាបត្រ A-Licence ទើបអាចដឹកនាំក្រុមមកចូលរួមប្រកួតពានរង្វាន់នេះបាន ស្របពេលដែលលោក ហៅ សុជាតិ ដែលកំពុងជាគ្រូបង្វឹកក្រុមជើងឯកលីគកំពូលកម្ពុជា ២០១៧នេះ​ មានត្រឹមកម្រិតសញ្ញាបត្រ B-Licence ។ ដូច្នេះ តម្រូវឲ្យគ្រូវ័យក្មេង កែវ កុសល ដែលមានកម្រិតសញ្ញាបត្រ A-Licence នឹងដឹកនាំ បឹងកេត ជំនួសលោក ហៅ សុជាតិ ក្នុងជំនួបជាមួយ Lao Toyota FC ស្អែកនេះ ក្នុងពានរង្វាន់ AFC Cup 2017 នាវេលាម៉ោង ៦:៣០ នាទីល្ងាច លើពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា លោក កែវ កុសល បានដកខ្លួនចេញពីគ្រូបង្វឹកអាជីពអស់ជាច្រើនឆ្នាំមកហើយ ក៏ព្រោះតែរវល់ជាមួយការងារផ្សេង តែដោយសារចិត្តស្រលាញ់វិស័យនេះលោកបានទៅដឹកនាំក្រុម អាណាចក្របៃតង (Futsal) ៕

មតិយោបល់