ព័ត៌មានកីឡា

អ៊ុក សំណាង៖ ព្រះខ័នរាជស្វាយរៀង ទើបនាំចូលកីឡាករបរទេសមួយរូបប៉ុណ្ណោះ ហើយអាចនឹងមិនយកថែម

នៅក្នុងសន្និសីទសារព័ត៌មានរបស់ក្លិបបាល់ទាត់ ព្រះខ័នរាជស្វារៀង កាលពីព្រឹកមិញ លោក អ៊ុក សំណាង ដែលជា អគ្គលិខាធិកាក្លិប បានលើកឡើងថា សម្រាប់កីឡាករបរទេសយើងទើបនាំចូលបានម្នាក់ប៉ុណ្ណោះ ហើយនឹងបន្តធ្វើតេស្តថែមទៀត ប៉ុន្តែអាចនឹងមិនយកថែមបើសមត្ថភាពប្រហែលកីឡាករយើង។

លោក អ៊ុក សំណាង និយាយជុំវិញការនាំចូលកីឡាករថ្មីថា៖ «ជាការពិតណាស់ យើងបាននាំចូលកីឡាករថ្មី ២រូប មាន Shane Booysen ដែលជាកីឡាករអាហ្វ្រិកខាងត្បូង មកពីក្លិប ភ្នំពេញក្រោន នឹងកីឡាករ សួន សុវណ្ណ ជាអតីតកីឡាកររបស់ក្លិប វេស្ទើនភ្នំពេញ រួមជាមួយគ្រូបង្វឹកថ្មី លោក Conor Nestor មកពីប្រទេសអៀរឡង់ (Ireland) វ័យ៣៣ឆ្នាំ កាន់អាជ្ញាប័ណ្ណគ្រូបង្វឹកកម្រិត UEFA A License ។ ចំពោះកីឡាករបរទេសដែលតម្រូវឲ្យមាន ៥ នាក់ ពេលនេះយើងទើបមានម្នាក់ប៉ុណ្ណោះ ហើយសម្រាប់ការនាំចូលបន្ថែមទៀត យើងនឹងចាប់ផ្តើមធ្វើតេស្តជាបន្តនៅថ្ងៃស្អែក តែបើឃើញថាសមត្ថភាពប្រហាក់ប្រហែលនឹងកីឡាករខ្មែររបស់យើងទេ ក្លិបនឹងមិនសម្រេចយកបន្ថែមទៀតទេ»។

សូមរំលឹកផងដែរថា ព្រះខ័នរាជស្វាយរៀង ទើបតែបាត់បង់សមាជិកសំខាន់ម្នាក់ គឺកីឡាករ ប្រាក់ មុន្នីឧត្តម ដែលបានចុះកិច្ចសន្យាជាមួយក្លិប Negeri Sembilan FC រយ:ពេល ១០ ខែ ក្នុងល័ក្ខខ័ណ្ឌខ្ចីជើង កាលពីពេលថ្មីៗនេះ៕

គ្រូបង្វឹកលោក Conor Nestor កីឡាករ សួន សុវណ្ណ លោក អ៊ុក សំណាងកីឡាករ Shane Booysen

មតិយោបល់