ព័ត៌មានកីឡា

ភ្នំពេញក្រោន ចុះកិច្ចសន្យាជាមួយកីឡាករបរទេសចុងក្រោយ ជាជម្រើសជាតិឡេសូតូ

ក្លិបបាល់ទាត់ ភ្នំពេញក្រោន បានធ្វើការបង្ហាញសមាជិកថ្មី ឈ្មោះ Tsotleho JANE ដែលក្រៅថា Sunny ជាកីឡាករវ័យ ២៦ ឆ្នាំ មានសញ្ជាតិ ឡេសូតូ (ប្រទេសមួយដែលស្ថិតនៅតំបន់អាហ្វ្រិកខាងត្បូង) និងបានចាប់កំណើតនៅរាជធានី Maseru តែម្តង ។

Sunny បានផ្លាស់ទៅរស់នៅទីក្រុង Louisville Kentucky របស់សហរដ្ឋអាមេរិកវិញ ក្នុងឆ្នាំ ២០០៤ ហើយនៅលើទឹកដីនៃមហាអំណាចមួយនេះ រូបគេបានចូលរួមលេងឱ្យក្រុមប្រចាំមហាវិទ្យាល័យ Maryland Terrapin ពីឆ្នាំ ២០១០-២០១៣ ក៏ដូចជាក្លិប United FC ក្នុងឆ្នាំ ២០១៣ ទើបប្តូរទៅលេងនៅក្របខ័ណ្ឌលំដាប់ទី ២ អាមេរិក ជាមួយក្លិប Wilmington Hammerheads ពីឆ្នាំ ២០១៤-២០១៥ ព្រមទាំងក្លិប Richmond Kickers (នៅក្របខ័ណ្ឌលំដាប់ទី ២ អាមេរិក) ក្នុងឆ្នាំ ២០១៦ កន្លងមក ។ ជាងនេះទៅទៀត កីឡាកររូបនេះក៏បានជាប់ជាជម្រើសជាតិនៃប្រទេសឡេសូតូ តាំងតែពីឆ្នាំ ២០១៤ រហូតដល់បច្ចុប្បន្នថែមទៀតផង ។

ខ្សែបម្រើប្រយុទ្ធរូបនេះ បានចាប់ផ្តើមចូលហ្វាត់កីឡាបាល់ទាត់ក្នុងអាយុ ៤ ឆ្នាំ បន្ទាប់មកបានចូលលេងនៅក្លិប Ranger FC (ពីឆ្នាំ១៩៩៥-១៩៩៨) រួចបានប្តូរទៅលេងនៅក្លឹប Emmanuel FC ពីឆ្នាំ១៩៩៨-២០០៣ ៕

មតិយោបល់