ព័ត៌មានកីឡា

Juventus ឡើងឈរកំពូលតារាងវិញ ដោយបន្សល់១ប្រកួតក្នុងដៃទៀត

ការប្រដេញតំណែងកំពូលតារាងតាំងពីដើមរដូវកាលកន្លងមកនេះ ហាក់ដូចជាស្វិតស្វាញខ្លាំងណាស់រវាងក្រុមសេះបង្កង់ Juventus និងក្រុម Napoli ខណៈសប្តាហ៍នេះ បានបង្ហាញឲ្យឃើញច្បាស់ថាក្រុមការពារតំណែង​ជើងឯក Juventus អាចដណ្តើមយកតំណែងកំពូលតារាង​ Serie A មកគ្រប់គ្រង​បានវិញហើយ។

ជាក់ស្តែងណាស់ ការយកឈ្នះក្រុម Udinese ២-០ យប់មិញនេះ បានធ្វើឲ្យកំពូលតារាងដែលគ្រប់គ្រងដោយក្រុម Napoli ជាច្រើនខែកន្លងមកនេះ របូតមកស្ថិតក្នុងកណ្តាប់ដៃរបស់ក្រុម Juventus វិញបានហើយ។ ការដណ្តើមបានកំពូលតារាងវិញនោះដែរ ដោយសារតែ Juventus អាចរកបាន ៣ពិន្ទុបន្តទៀត ខណៈក្រុម Napoli មិនអាចរកបាន ៣ពិន្ទុឡើយ ពោលរកបានត្រឹម១ពិន្ទុ​ ក្រោយពីលេងបានត្រឹមស្មើ ០-០ ជាមួយក្រុម Inter Milan ជាហេតុធ្វើឲ្យ Juventus នាំមុខ ១ពិន្ទុវិញ។ បន្ថែមលើនេះ ក្រុម Juventus អាចនាំមុខបន្ថែមទៀត ចំនួន ៣ពិន្ទុពីលើ ១ពិន្ទុដែលមានស្រាប់ ដោយសារតែពួកគេនៅមាន ១ប្រកួតក្នុងដៃទៀត ដែលត្រូវលេងនៅថ្ងៃ ១៥ ខាងមុខនេះ ក្នុងជំនួបជាមួយក្រុម Atalanta ក្នុងដីខ្លួនឯង។

ដូច្នេះហើយ​ ក្រុម Juventus បានវិលមកកាន់កំពូលតារាងវិញហើយ ក្រោយពីត្រូវគ្រប់គ្រងដោយក្រុម Napoli អស់រយៈពេលជាច្រើនខែកន្លងមក ដែលនេះបង្ហាញឲ្យឃើញថា នៅអ៊ីតាលី Juventus នៅតែជាស្តេចត្រាញ់​មួយដដែល ដោយពុំមានក្រុមណាជាគូប្រជែងបានឡើយ។

https://www.youtube.com/watch?v=QmkocFCS4gY

មតិយោបល់