ព័ត៌មានកីឡា

គ្រូបឹងកេត សង្ឃឹមយកបាន ៣ ពិន្ទុពីម្ចាស់ផ្ទះ Home United ស្អែកនេះ

នៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៨ ស្អែកនេះ ក្រុមដំណាងកម្ពុជា បឹងកេត នឹងត្រូវប្រកួតជាមួយម្ចាស់ផ្ទះ Home United ប្រចាំពូល F នៃពានរង្វាន់សម្រាប់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី AFC Cup 2018 ដែលជាជំនួបទីលើក៤ នៅវេលាម៉ោង ៦:៣០ នាទីល្ងាច (កម្ពុជា) លើទីលានកីឡដ្ឋាន Jelan Besar Stadium។

លោក កែវ កុសល គ្រូបង្វឹកបឹងកេត បាននិយាយថា៖ “ខ្ញុំគិតថាការប្រកួតថ្ងៃស្អែក នឹងក្លាយជាការប្រកួតដ៏ពិបាកសម្រាប់បឹងកេត ពីព្រោះ Home United បានចាញ់យើងនៅផ្ទះរបស់យើង ដូច្នេះខ្ញុំគិតថាពួគេនឹងព្យាយាមខ្លាំងជាងមុនទៀត ដើម្បីទទួលបានលទ្ធផលល្អ ហើយគឺជាទឹកដីរបស់ Home United ដូច្នេះ វានឹងក្លាយជាប្រកួតដ៏ពិបាក ប៉ុន្តែក្រុមយើងក៏ទំនុកចិត្តខ្ពស់ដែរ យើងនឹងព្យាយាមអោយអស់ពីលទ្ធភាព”។ គ្រូបង្វឹកវ័យក្មេងរូបនេះ បានបន្ថែមថា និឹងប្រើយុទ្ធសាស្រ្តថ្មីសម្រាប់ការប្រកួតនៅសឹង្ហបុរីនេះ ប៉ុន្តែអាស្រ័យទៅលើការប្រកួតជាក់ស្ដែងដែរ។

គួបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតនៅថ្ងៃស្អែកនេះ ក៏មានការផ្សាយបន្តផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ដែរ៕

មតិយោបល់