បន្ទាប់ពីការប្រកួតមិត្តភាព បានចាប់ផ្តើមលេងកាលពីចុងសប្តាហ៍មកនេះ ដោយប្រើប្រាស់បាល់សម្រាប់ត្រៀមប្រកួត World Cup នៅរុស្ស៊ី ផងដែរនោះ មានអ្នកចាំទីឆ្នើម៣រូប មិនពេញចិត្តចំពោះទម្ងន់បាល់ដែលត្រូវត្រៀមលេងនេះ។
បើតាមការចុះផ្សាយរបស់កាសែត AS បានឲ្យដឹងថាអ្នកចាំទី Devid De Gea, Pepe Reina និង Marc-Andre ter Stegen ហាក់មិនពេញចិត្តចំពោះ ការរចនាបាល់ ត្រៀមប្រកួត World Cup ឡើយ។ អ្នកចាំទី មានប្រជាប្រិយភាព ទាំង៣រូបនេះ បាននិយាយថា ក្រុមហ៊ុន Adidas មិនគួរផលិតបាល់ សម្រាប់លេងក្នុងព្រឹត្តិការណ៍ ដ៍ធំសម្បើមនេះ បែបនេះឡើយ ព្រោះថាបាល់ដែលត្រូវយកទៅលេងនេះ វាមានទម្ងន់ធ្ងន់ជាងបាល់ដែលពួកគេធ្លាប់លេង នាពេលកន្លងមក។
De Gea, Reina និង ter Stegen បានស្នើដល់ FIFA ជាពិសេសក្រុមហ៊ុន Adidas ផ្ទាល់តែម្តង ឲ្យរចនាបាល់លេង World Cup ឡើងវិញ ទាន់នៅសល់ពេលច្រើនទៀត ដែលបាល់នេះ គួរតែមានទម្ងន់ដូចទៅនឹងបាល់ ក្នុងព្រឹត្តិការណ៍ផ្សេងៗទៀត ដើម្បីងាយស្រួលដល់ការលេងរបស់កីឡាករទាំងអស់។ ពួកគេទាំង៣រូប បានឲ្យដឹងទៀតថា ប្រសិនបើ បាល់យកមកលេង ក្នុងទម្ងន់បែបនេះមែន វាមិនពិបាកឡើយ សម្រាប់កីឡាករលេងក្នុងទីលាន ក៍ប៉ុន្តែ សម្រាប់អ្នកចាំទីវិញនោះ មិនងាយស្រួលឡើយ ក្នុងការសង្រ្គោះបាល់ ដោយសារទម្ងន់បាល់ រាងធ្ងន់ ពិបាកក្នុងការចាប់ និងទះបាល់ចេញណាស់។
ហេតុនេះហើយ Devid De Gea, Pepe Reina និង Marc-Andre ter Stegen ចង់ឲ្យមានការប្តូរបាល់លេងសម្រាប់ ព្រឹត្តិការណ៍ World Cup នៅរុស្ស៊ីខាងមុខនេះ ដោយតម្រូវឲ្យបាល់មានទម្ងន់ស្រាលជាងនេះបន្តិច។
មតិយោបល់