មកទល់ពេលនេះ ក្រុមជម្រើសជាតិអាហ្សង់ទីន នៅមិនទាន់កោះហៅ កីឡាករឆ្នើម២រូបឲ្យមកជួយក្រុមជម្រើសជាតិ ក្នុងការប្រកួតមិត្តភាព ២ប្រកួតកន្លងមកនេះឡើយ ដែលនេះជាសញ្ញាញអវិជ្ជមានមួយ សម្រាប់កីឡាករទាំង២រូបនេះ ដែលអាចមិនមានវត្តមានក្នុងព្រឹត្តិការណ៍ World Cup ក្នុងពេលដ៍ខ្លីខាងមុខនេះ។
បើតាមការចុះផ្សាយរបស់ កាសែត AS បានឲ្យដឹងថា ក្រុមជម្រើសជាតិ អាហ្សង់ទីន នៅមិនទាន់កោះហៅ ខ្សែប្រយុទ្ធដ៍ឆ្នើម Mauro Icardi របស់ក្រុម Inter Milan និងខ្សែប្រយុទ្ធ Paulo Dybala របស់ក្រុមសេះបង្កង់ Juventus មកកាន់ក្រុមជម្រើសជាតិនៅឡើយទេ។ កីឡាករទាំង២រូបនេះ ថ្វីបើបង្ហាញទម្រង់លេងយ៉ាងល្អ ឲ្យក្លិបបាល់ទាត់អាជីពក៍ដោយ តែពួកគេទាំង២ ហាក់លេងមិនល្អឡើយ សម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន ខណៈ Icardi ធ្លាប់បង្ហាញខ្លួន បាន ៤ ប្រកួតនៅមិនទាន់ស៊ុតបាន ១ គ្រាប់ ស្របពេលដែល Dybala វិញ បង្ហាញខ្លួនបាន ៦ លើកឲ្យ អាហ្សង់ទីន តែមិនទាន់ស៊ុតបាន១គ្រាប់ដូចគ្នា។ ថ្វីបើយ៉ាងនេះក្តី ក៍ក្រុមជម្រើសជាតិអាហ្សង់ទីន មិនគួរមើលរំលង កីឡាករទាំ២នេដែរ បើទោះបីជាពេលកន្លងមក បង្ហាញខ្លួនមិនល្អមែន តែបើផ្តល់ឱកាសបន្តទៀត ច្បាស់ណាស់ កីឡាករទាំង នឹងធ្វើបានប្រសើរជាងមុន។
យ៉ាងណាវិញ អាហ្សង់ទីន ហាក់មិនសូវចាប់អារម្មណ៍ ចំពោះកីឡាករទាំង២រូបនេះឡើយ ដោយសារតែអាហ្សង់ទីន សម្បូរកីឡាករឆ្នើមៗច្រើន ម្យ៉ាង អាហ្សង់ទីន ផ្តោតសំខាន់ទៅលើ កំពូលខ្សែប្រយុទ្ធលំដាប់ពិភពលោក Lionel Messi មិនមែន Mauro Icardi និង Paulo Dybala ឡើយ។



មតិយោបល់