ព័ត៌មានកីឡា

តើយប់នេះ Man City អាចលុត Liverpool ៥-០ ដូច Premier League បានឬទេ?

នាយប់រំលងអាធ្រាត្រនេះ ក្រុម​ Manchester City នឹងបើកកីឡារដ្ឋានរបស់ខ្លួន ទទួលក្រុមហង្សក្រហម Liverpool ក្នុងជំនួបជើងទី២ UEFA Champion League វគ្គ ៨ក្រុមចុងក្រោយ ខណៈកាលពីជើងទី១ កន្លងមក Liverpool បានលុយ Man City ក្នុងលទ្ធផលមិនឲ្យតដៃបាន ៣-០ ។

យ៉ាងណាវិញ សម្រាប់ការប្រកួតជើងទី២ នេះដែរក្រុម Manchester City ហាក់​ពិបាកបន្តិចក្នុងការឆក់ឱកាសឡើងទៅកាន់វគ្គបន្តទៀត ប្រសិនបើ ពួកគេមិនអាច​យកឈ្នះក្រុម Liverpool បានចាប់ពី៤គ្រាប់ឡើងទៅ ឬបញ្ចប់ ៩០នាទី លុត Liverpool ៣-០ ដើម្បីបន្តលេងម៉ោងបន្ថែមទេនោះ។ Manchester City ត្រូវ​ប្រឹងឲ្យអស់លទ្ធភាពក្នុងការប្រកួតនេះ ដោយមិនលាក់ជើងកីឡាកររូបណាទៀត​ឡើយ ព្រោះថាវាជាឱកាសចុងក្រោយ សម្រាប់ពួកគេ ក្នុងការបន្តក្តីសង្ឃឹម នៅ Champion League ទៀត។

អ្វីដែលជាក្តីសង្ឃឹមរបស់ Man City នោះ ពួកគេរំពឹងថា អាចធ្វើបានដូចការប្រកួតនៅ Premier League ដែល Manchester City អាចលុតក្រុមហង្សក្រហម Liverpool ៥-០ ក្នុងទឹកដីខ្លួន​ឯង នារដើមរដូវកាលកន្លងមកនេះ ក៍ប៉ុន្តែ វាមិនងាយស្រួលឡើយ ព្រោះថា Liverpool មិនមែនជាក្រុមមួយអន់ឡើយ ម្យ៉ាងប្រយុទ្ធ និងការពាររបស់ក្លិបមួយនេះ មិនអាចមើលងាយបានឡើយ វាហាក់មិនងាយស្រួល សម្រាប់ Man City ក្នុងការស៊ុតបញ្ចូលទីច្រើនគ្រាប់ ដូចកាលពីដើមរដូវកាល​ឡើយ។

យ៉ាងណាក៍ដោយ ការរំពឹងមើល ការប្រកួតយប់នេះ ក្រុម Manchester City ច្បាស់ជាប្រើប្រាស់ការវាយលុកយ៉ាងខ្លាំងក្លា តាមដែលអាចធ្វើបាន ដើម្បីរក​គ្រាប់បាល់បញ្ចូលទី ខណៈក្រុមហង្សក្រហម Liverpool វិញ អាចលេងការពារ​ច្រើនជាង ហើយរង់ចាំការវាយឆ្មក់មួយៗទៅវិញ នៅពេលដែលបាល់ដាច់មាត់។

ខាងក្រោមនេះ ជាលទ្ធផលរវាងក្រុមទាំងពីរ ៣លើកចុងក្រោយនៅរដូវកាលនេះ៖
Champion League
Liverpool ៣-០ Man City
Premier League
Liverpool ៤-៣ Man City
Man City ៥-​០ Liverpool

មតិយោបល់