ក្រុមជម្រើសជាតិអាហ្សង់ទីន និងក្រុមជម្រើសជាតិប៉េរ៉ូ នឹងត្រូវប៉ះគ្នា ក្នុងការប្រកួតជម្រុះ FIFA World Cup ថ្ងៃស្អែកនេះ ដែលក្រុមទាំង២ សុទ្ធសឹងត្រូវការឈ្នះដើម្បី ធានាកៅអីឡើងទៅកាន់វគ្គចែកពូលឆ្នាំក្រោយ។
មកទល់ពេលនេះ អាហ្សង់ទីនមិនទាន់ទទួលបាន នូវកៅអីសុវត្ថិភាពនៅឡើយទេ សម្រាប់ការឡើងទៅកាន់ការប្រកួតដ៍ធំនាឆ្នាំក្រោយនេះ។ ជាក់ស្តែងណាស់ អាហ្សង់ទីនត្រូវបើកទ្វារទទួលក្រុម ប៉េរ៉ូ ដែលកំពុងឈរលេខ៤ក្នុងតារាង ខណៈអាហ្សង់ទីនឈរលេខ៥ ដោយក្រុមទាំង២ មានពិន្ទុស្មើគ្នា។ អាហ្សង់ទីន ត្រូវការឈ្នះចាំបាច់បំផុត ព្រោះថា ក្រុមរងជើងឯក World Cup កាលពីឆ្នាំ ២០១៤កន្លងទៅនេាះ មិនអាចអវត្តមាន ពីព្រឹត្តិការណ៍ដ៍សំខាន់នេះបានឡើយ ដោយសារតែកីឡាករឆ្នើមៗជាច្រើនកំពុងមានវត្តមាននៅទីនេះ។ យ៉ាងណាវិញសម្រាប់ ប៉េរ៉ូមិនមែនជាក្រុមអន់ឡើយ ពួកគេចង់ឡើងទៅលេងវគ្គចែកពូល World Cup ដូចគ្នា ព្រោះប៉េរ៉ូខកខានឡើងលេងព្រឹត្តិការណ៍នេះជាយូរណាស់មកហើយ ដែលទាមទារឲ្យពួកគេត្រូវខិតខំដើម្បីបានលេង ក្នុងព្រឹត្តិការណ៍ដ៍សំខាន់នេះ។
គួរបញ្ជាក់ផងដែថា ចាប់ពីក្រុមលេខ២មកដកប្រេស៊ីលចេញ អ៊ុយរ៉ាហ្គាយ មាន ២៧ពិន្ទុ ឈរលេខ២, កូឡុំប៊ី មាន ២៦ពិន្ទុ ឈរលេខ៣, ប៉េរ៉ូ មាន២៤ពិន្ទុឈរលេខ៤, អាហ្សង់ទីន មាន២៤ពិន្ទុឈរលេខ៥ និងឈីលី មាន ២៣ពិន្ទុឈរលេខ ៦ ដែលក្រុមទាំង ៥នេះត្រូវប្រជែងគ្នាយ៉ាងខ្លាំង ដើម្បីឡើងទៅកាន់វគ្គចែកពូល ដែល ៤ក្រុម ឡើងទៅកាន់វគ្គចែកពូល និង១ក្រុមលេង Play off ជាមួយក្រុម នៅងអាមេរិកខាងជើង។ ដូច្នេះហើយ ជំនួបរវាង អាហ្សង់ទីន និង ប៉េរ៉ូ គឺជាជំនួបសំខាន់ជាងគេ ខណៈក្រុមខ្លាំងផ្សេងៗ ប៉ះក្រុមមធ្យមៗ ដែលតម្រូវឲ្យក្រុមទាំង២ ត្រូវខិតខំប្រឹងប្រែងរៀងៗខ្លួន។ សូមរំលឹកផងដែរថា កាលពីលេងក្នុងដី ប៉េរ៉ូ ក្រុមទាំង២ បញ្ចប់ក្នុងលទ្ធផល ២-២។
ដូច្នេះហើយរង់ចាំមើលថា តើក្រុមជម្រើសជាតិអាហ្សង់ទីន ដែលសម្បូរទៅដោយ Super Star ឆ្នើមៗ និងមានតម្លៃខ្លួនថ្លៃក្នុងពិភពលោក អាចយកឈ្នះក្រុមប៉េរ៉ូ បានដែរឬទេ ដើម្បីបន្តក្តីស្រម៉ៃកក់កៅអីទៅកាន់វគ្គ ចែកពូល FIFA World Cup ២០១៨ ក្នុងប្រទេសរុស្ស៊ី។


មតិយោបល់