បន្ទាប់ពីការបង្ហាញទម្រង់លេងយ៉ាងល្អ នារដូវកាលនេះ ដោយស៊ុតបាន ៤៣គ្រាប់ឲ្យក្រុមហង្សក្រហម Liverpool រួមទាំងការជួយក្រុមហង្សក្រហម ធ្វើបានយ៉ាងល្អនៅ Champion League ផងនោះ បានធ្វើឲ្យ Mohamed Salah កាន់តែមានប្រជាប្រិយភាព និងមានក្លិបធំៗ កំពុងចង់បានផងដែរ។
យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ Liverpool Echo បានឲ្យដឹងថា ក្រុមហង្សក្រហម Liverpool បានត្រៀមតម្លើងថ្លៃឈ្នួលប្រចាំសប្តាហ៍ដល់ Mohamed Salah គុណនឹងពីរនៅរដូវកាលក្រោយនេះ។ ប្រភពខាងលើនេះ បានឲ្យដឹងទៀតថា Salah ក្រោយពីផ្លាស់ពី Roma មកកាន់ Liverpool ក្នុងតម្លៃ ៣៤,៣លានផោន ដោយទទួលបានពលកម្មប្រចាំសប្តាហ៍ ៩ម៉ឺនផោន។ ក៍ប៉ុន្តែ ក្រោយពីបង្ហាញទម្រង់លេងយ៉ាងល្អ នារដូវកាលនេះ រួមទាំងការស៊ុតបញ្ចូលទី ក្នុងនាមជា Top Scorer នៅ Premier League រួមទាំងជួយក្រុមហង្សក្រហម Liverpool ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champion League ខណៈជើងទី១ លុត Roma ចាស់ដៃ ៥-២ ផងនោះ បានធ្វើឲ្យ Liverpool ពិចារណាលើតម្លៃពលកម្មរបស់កីឡាករអេហ្ស៊ីបរូបនេះឡើងវិញ ព្រោះខ្លាចចាកចេញ ក្រោយពីបែកធ្លាយក្រុម Real Madrid កំពុងតាមប្រមាញ់នោះ។
ក្នុងនោះដែរ Liverpool នឹងតម្លើងពលកម្មដល់ Salah ចំនួន ១៨,៥ម៉ឺនផោន ដែលស្មើគុណនឹងពីរចំពោះតម្លៃពលកម្មបច្ចុប្បន្ន។ ថ្វីបើមិនច្រើនលើសលប់ តែការតម្លើងនេះដែរ វាអាចធ្វើឲ្យ Mohamed Salah មិនចាកចេញពីហង្សក្រហម Liverpool ដូច Luis Suarez និង Philippe Coutinho ក៍ថាបាន។



មតិយោបល់