ព័ត៌មានជាតិ

ម៉ូតូ២គ្រឿង ពន្លះគ្នាពេញទំហឹង របួសធ្ងន់ទាំងសងខាង!

ភ្នំពេញៈ បុរសម្នាក់ ជិះម៉ូតូស្កុបពីមួយគ្រឿង គេចពីរថយន្តជ្រុលចង្កូតទៅបុកម៉ូតូហុងដាឌ្រីមសង់មួយគ្រឿងទៀត ជិះដោយបុរសម្នាក់ បញ្ច្រាសទិសដៅគ្នាពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចខាងក្រោយសាលាបឋមសិក្សាទួលគោកប្រមាណជាង១០០ម៉ែត្រ តាមបណ្តោយផ្លូវលេខ៥៦៦ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រៀងម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ 1GB-4428 ធ្វើដំណើរទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានគេចពីរថយន្តមួយគ្រឿងបើកកាត់ខាងមុខ រួចបានគេចមកខាងឆ្វេងដៃជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមសង់ស៊េរី០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1D-1881 ជិះដោយបុរសម្នាក់បញ្ច្រាសទិសដៅគ្នាពីកើតទៅលិចពេញទំហឹង បណ្តាលឲ្យដួលបោកនិងថ្នល់រងបួសធ្ងន់ទាំងសងខាង។ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។ចំណែកម៉ូតូទាំង២គ្រឿងរងការខូតខាតយ៉ាងដំណំដូចគ្នា។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់