ក្រោយពីខកខានមិនបានបង្ហាញខ្លួន ឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្នងព្រឹត្តការណ៍ World Cup នាប្រទេសរុស្ស៊ីឆ្នាំនេះ ខ្សែបម្រើប្រយុទ្ធ Mario Gotze បានលេចលឺដំណឹងថា កីឡាកររូបនេះ កំពុងត្រៀមផ្លាស់មកលេងនៅក្របខ័ណ្ឌ កំពូលអង់គ្លេស Premier League នារដូវកាលក្រោយនេះ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ក្រុមកាំភ្លើងធំ Arsenal កំពុងតែចរចារជាមួយក្រុម Borrusia Dortmund ដើម្បីផ្ទេរកីឡាករ Mario Gotze ពីអាល្លឺម៉ង់ មកកាន់អង់គ្លេស។ ក្នុងនោះដែរ Arsenal បានត្រៀមចាយប្រាកមត្រឹមតែ ១៨លានផោនប៉ុណ្ណោះ សម្រាប់នាំយក Mario Gotze ដែលតម្លៃនេះ គឺជាការទាមទាររបស់ ក្រុម Dortmund ។
Gotze មួយរយៈចុងក្រោយនេះ ហាក់ស្ងប់ស្ងាត់យ៉ាងខ្លាំង បើទោះបីជាអតីតវីរបុរស ដែលធ្លាប់ស៊ុត១គ្រាប់ជួយអាល្លឺម៉ង់ ឈ្នះអាហ្សង់ទីន លើកពាន World Cup ២០១៤ រូបនេះ នៅតែល្អក្តី តែប្រជាប្រិយភាពវិញ មិនដូចមុនឡើយ ក្រោយពេលក្រុម Dortmund ធ្លាក់ទម្រង់លេង ស្របពេលដែលកីឡាករវ័យក្មេងឡើងជើងផងដែរនោះ។ ក៍ប៉ុន្តែ សម្រាប់ Arsenal នៅតែសម្លឹងឃើញកីឡាកររូបនេះ ដោយរំពឹងខ្ពស់ថា រដូវកាលក្រោយនេះ Mario Gotze នឹងក្លាយជាសមាជិកថ្មីមួយរូបរបស់ក្រុមកាំភ្លើងធំ Arsenal មួយនេះ។
យ៉ាងណាវិញ ក្រៅពីក្រុម Arsenal នៅមានក្រុម២ ផ្សេងទៀត ដែលចង់បាន Mario Gotze ដែរ រួមមានដូចជាក្រុម Everton និង West Ham United ចង់បានមកចូលរួមក្លិបនៅរដូវកាលក្រោយដូចគ្នា។



មតិយោបល់