ព័ត៌មានជាតិ

សង្ស័យ​គុំគួន​ ចូលហាងផឹកស៊ីឃើញមុខគ្នា បុរសម្នាក់ជាអង្គរក្ស BHQ ចូលវាយ៤ដៃណ្ដាលមុខ ផ្អើលសន្តិសុខកោះពេជ្រឃាត់ខ្លួន ប្រគល់ជូនប៉ូលីស!

ភ្នំពេញៈ ហេតុការណ៍ដ៏ហួសចិត្តមួយកើតឡើង ខណៈពេលបុរសម្នាក់កំពុងអង្គុយញាំអីជាមួយមិត្តភក្តិ៤នាក់ទៀត ក៏ស្រាប់តែលេចមុខបុរសម្នាក់ដែលគេស្គាល់ថាជាកងអង្គរក្ស BHQ នោះ បានដើរចូលទៅវាយបួនប្រាំដៃកណ្ដាលមុខ បង្កការភ្ញាក់ផ្អើលដល់សន្តិសុខយាមនៅកោះពេជ្រ ចុះមកជួយឃាត់និងនាំខ្លួនបុរសរូបនោះទៅប៉ុស្តិ៍ភ្លាមៗផងដែរ។

ករណីហិង្សារ​នេះបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី១៥ ខែមិថុនា​ ឆ្នាំ២០១៨នេះ នៅហាងលក់អាហារមួយកន្លែង ក្នុងកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បុរសដែលត្រូវគេវាយមានឈ្មោះថា អ៊ិត ស៊ាងយី អាយុ៣០ឆ្នាំ មុខរបរ​លក់ទូរសព្ទ។ ចំណែកជនដៃដល់ឈ្មោះ នីម សុផានិត អាយុ៣០ឆ្នាំ មុខរបរអង្គរក្ស BHQ ។

តាមសម្តីបុរស ដែលត្រូវគេវាយ បានប្រាប់Post News ថា នៅមុនពេលកើតហេតុ រូបគាត់បាននាំប្រពន្ធចូលមកញាំអីជាមួយមិត្តភក្តិ៤នាក់ទៀត ក្នុងហាងអាហារមួយ ក្នុងកោះពេជ្រ ខណៈពេលកំពុងតែនិយាយឆ្លើយឆ្លងគ្នា និងសើចសប្បាយផងនោះ ក៏ស្រាប់តែមានបុរសម្នាក់ ដែលគាត់ស្គាល់ថាជា អង្គរក្ស​ បានចូលមក​ក្រៀកគាត់ពីក្រោយ រួចស្រែកសួរថា «ហ្អែងហ្នឹងមែនឈ្មោះអាយី?» គាត់មិនទាន់បានឆ្លើយផង បុរសជាអង្គរក្សនោះ បានវាយទះមកលើផ្ទៃមុខគាត់បួនទៅប្រាំដៃ ហើយត្រូវបានមិត្តភក្តិ ដែលអង្គុយជាមួយគ្នាជួយឃាត់ ភ្លាមនោះក៏មានបុរស២នាក់ទៀតដែលបក្ខពួករបស់អង្គរក្សរូបនោះ បានដើរចូលមកចង្អុលមុខរួចរុញ​ប្រតាយប្រតប់​ជាមួយមិត្តភក្តិរបស់គាត់ បង្កការភ្ញាក់ផ្អើលដល់ម្ចាស់ហាងរាយការណ៍ទៅសន្តិសុខកោះពេជ្រ ចុះមកជួយឃាត់​បាន រួចនាំយកទៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ ដើម្បីប្រគល់ឲ្យសមត្ថកិច្ចដោះស្រាយតាម​នីតិវិធី​ ។

ទោះជាបែបណា រឿងរ៉ាវជម្លោះដោយសារតែ​ការគុំគួន​នេះ នៅមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ ទោះបីជាមានការសម្របសម្រួលពីសមត្ថកិច្ចក៏ដោយ ព្រោះជនរងគ្រោះដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នៅឡើយ ៕

មតិយោបល់