ព័ត៌មានកីឡា

អតីតវីរបុរស Arsenal ត្រៀមដឹកនាំក្លិបជើងខ្លាំងនៅបារាំង

ខ្សែប្រយុទ្ធដ៍ឆ្នើម ដែលជាអតីតវីរបុរសរបស់ក្រុមជម្រើសជាតិបារាំង និងក្រុមកាំភ្លើងធំ Arsenal លោក Theirry Henry កំពុងតែត្រៀមទទួលបាន​តំណែងថ្មីជាគ្រូបង្វឹកក្លិបបាល់ទាត់អាជីព​ នៅ League1 របស់ប្រទេសបារាំង​ក្នុង​ពេលឆាប់ៗនេះ។

បើតាមការចុះផ្សាយពីបណ្តាញ សារពត៌មាន Sky Sports បានឲ្យដឹងថា ក្រុមជើងខ្លាំងបារាំង Bordeaux កំពុងតែទាក់ទងគ្រូជំនួយរបស់ក្រុមជម្រើសជាតិ​ប៊ែលហ្ស៊ិក Theirry Henry ឲ្យមកដឹកនាំក្លិបវិញម្តង។ ថ្វីបើ Henry មិនទាន់​មានបទពិសោធន៍ ក្នុងការដឹកនាំក្លិបបាល់ទាត់ក្តី តែតាមរយៈការធ្វើជាគ្រូជំនួយ​នៅ ប៊ែលហ្ស៊ិក នាពេលកន្លងមកនេះ វាគឺជាបទពិសោធន៍ល្អមួយ សម្រាប់អតីតតារា​បាល់ទាត់ដ៍ឆ្នើមរូបនេះ ក្នុងការត្រៀមខ្លួន ទទួលតំណែងថ្មី ជាគ្រូបង្វឹកនៅក្លិបបាល់​ទាត់អាជីពវិញម្តង។

គួរបញ្ជាក់ផងដែរថា កន្លងមកនេះ Theirry Henry ធ្លាប់ទទួលបានពាក្យចរចាមអារាម​ មកដឹកនាំ Arsenal តែលើកនេះ មិនដូចមុន​ឡើយ ព្រោះថា Bordeaux បានព្រមព្រៀងរួចជាស្រេច ក្នុងការនាំយក ​Henry ទៅកាន់​ League1 ។

ដូច្នេះហើយ Theirry Henry នឹងក្លាយជាគ្រូបង្វឹកអាជីព ក្នុងពេលឆាប់ៗនេះ ដោយត្រូវដឹកនាំក្រុមជើងខ្លាំងនៅ League1 របស់បារាំង នៅក្លិប Bordeaux ។

មតិយោបល់