ព្រឹត្តិការណ៍ Euro 2016 បានឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយនៅយប់ម៉ោង២រំលងអាធ្រាត្រនេះ ដោយក្រុមម្ចាស់ផ្ទះបារាំង នឹងត្រូវស្វាគមន៍ក្រុមភ្ញៀវព័រទុយហ្គាល់ ដើម្បីកាត់សេចក្ដីរកម្ចាស់ជើងឯក។
ជើងកីឡាករ
ក្រុមព័រទុយហ្គាល់ អាចនឹងមានវត្តមានរបស់ Pepe វិញហើយ បន្ទាប់ពីអវត្តមានក្នុងប្រវត្តិវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ខណៈដែលសមាជិកដទៃទៀត មិនមាននរណាម្នាក់អវត្តមាននោះទេ។ ដូច្នេះជម្រើស១១នាក់នៅយប់នេះអាចជា Rui Patrício; Cédric, Pepe, Fonte, Guerreiro; William Carvalho, Adrien, João Mário, Renato Sanches; Nani និង Ronaldo ។
ម្ចាស់ផ្ទះបារាំងពេញជើងល្អណាស់នៅយប់នេះ ដោយកីឡាករទាំងអស់មិនមានជាប់បម្រាមឬរងរបួសអ្វីនោះទេ។ ដែលនេះមានន័យថាលោក Didier Deschamps អាចរើសបានតាមចិត្តតែម្ដង។ ជម្រើស១១នាក់នៅយប់នេះអាចជា Lloris; Sagna, Koscielny, Umtiti, Evra; Pogba, Matuidi; Sissoko, Griezmann, Payet និង Giroud ។
ប្រវត្តិជួបគ្នា
បារាំងឈ្នះ១០ប្រកួតចុងក្រោយពេលប៉ះព័រទុយហ្គាល់ ហើយបើនិយាយតាំងពីដើមមកក្រុមទាំងពីរប៉ះគ្នាបាន២៤ដងមកហើយ ដោយក្នុងនោះបារាំងឈ្នះ១៨ដង ស្មើ១និងចាញ់៥ដង។ ជ័យជម្នះចុងក្រោយរបស់ព័រទុយហ្គាល់គឺនៅឆ្នាំ១៩៧៥ ដោយលទ្ធផល ២-០ ។
អ្វីដែលត្រូវដឹង
ព័រទុយហ្គាល់
ព័រទុយហ្គាល់ ជាក្រុមតែមួយគត់ដែលអាចលេងក្នុងពានរង្វាន់ Euro បានច្រើនជាងគេ ពោលគឺ៣៤ប្រកួតមកហើយ ដោយមិនបានឈ្នះពានម្ដងណានោះទេ (មិនទាន់គិតប្រកួតផ្ដាច់ព្រ័ត្រយប់នេះ)។ ពួកគេជាក្រុមតែមួយគត់ដែលអាចឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ដោយមិនឈ្នះសូម្បីមួយប្រកួតនៅវគ្គចែកពូល។
ព័រទុយហ្គាល់ក្រោមការដឹកនាំរបស់លោក Fernando Santos ១៣ប្រកួតមកនេះ ឈ្នះ៩និងស្មើ៤ដង។ Cristiano Ronaldo ទាត់បាល់ហ្វ្រីឃីត៤៣ជើងមកហើយ មិនទាន់បានចូលម្ដងនោះទេឱ្យក្រុមជម្រើសជាតិ។
បារាំង
បារាំង ឈ្នះ៣ដង ក្នុងចំណោម៤ដងដែលពួកគេបានឈានដល់វគ្គផ្ដាច់ព្រ័ត្រ ដោយម្ដងដែលចាញ់នោះគឺចាញ់ក្រុមអ៊ីតាលី ដោយបាល់ប៉េណាល់ទី បន្ទាប់ពីស្មើគ្នា១-១ ។ បារាំងមិនដែលចាញ់ទេ ១៨ប្រកួតចុងក្រោយក្នុងដីខ្លួនឯង ដោយឈ្នះ១៦ស្មើ២ដង។
ប្រសិនបើយប់នេះឈ្នះពានរង្វាន់នោះបារាំងនឹងតាមស្មើកំណត់ត្រាឈ្នះ៣ដង ដូចក្រុមអេស្ប៉ាញនិងអាល្លឺម៉ង់ដែរហើយ។ Griezmann ជាកីឡាករថ្មីរបស់បារាំង ដែលស៊ុតបាន៦គ្រាប់ហើយក្នុងរដូវកាល Euro 2016 នេះ ហើយក៏សង្ឃឹមថាជា Top Scorers ផងដែរ។
មតិយោបល់