ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាលោក សៅ សុខា លើកឡើងថាក្រុម U16 កម្ពុជាមានចំណុចខ្សោយ៤យ៉ាងក្នុងជំនួបចាញ់ថៃ6-0គឺ មាឌតូច បច្ចេកទេស ទម្រង់លេង និងទំនុកចិត្ត។
ភ្លាមៗក្រោយចប់ការប្រកួត ប្រមុខសហព័ន្ធរូបនេះបញ្ជាក់ថា ធម្មជាតិរបស់ក្រុមកម្ពុជាតូចជាងថៃឆ្ងាយ ដែលពិបាកក្នុងការពិតពាំងបប្រជែងបាល់។ ចំណែកបច្ចេកទេសហាក់នៅស្ទើរ ទាំងការសហការណ៍ក្រុម ការប៉ះនិងបញ្ជូនបាល់ មានកម្រិតទាបជាងថៃ។ មួយទៀតនោះគឺ ទម្រង់លេងនៅមានចន្លោះ ដោយក្រុមព្យាយាមលេងតែមួយទិស មិនរកកន្លែងទំនេរនៅតំបន់ផ្សេងលេង។ ចំណុចចុងក្រោយគឺ ទំនុកចិត្តស្រាប់កីឡាករនីមួយៗ ពុំទាន់ហ៊ានសម្រេចចិត្តច្បាស់។ លោកថា បាល់ទាត់ត្រូវតែគិតរហ័ស ហើយប្រធានក្រុមត្រូវពិនិត្យមើលស្ថានភាព និងស្រែកប្រាប់កូនក្រុមជាចាំបាច់។

បែបនេះក្តី ប្រធានសហព័ន្ធដដែលក៏បានលើកទឹកចិត្តឲ្យកីឡាករ U16 បន្ថែមការហ្វឹកហាត់ និងយកចិត្តទុកដាក់កាន់តែខ្លាំងនៅជំនួបចុងក្រោយតទល់និង ទីម័រខាងកើត នាថ្ងៃស្អែក ដើម្បីស្រវ៉ាឱកាសឡើងទៅវគ្គ៤ក្រុមចុងក្រោយ។
ក្នុងតារាងចំណាត់ថ្នាក់ កម្ពុជា កំពុងឈរលេខ២ពូល B មាន៦ពិន្ទុ ខណៈក្រុមលេខ៣ ឡាវ និងលេខ៤ ទីម័រខាងកើត មាន៤ពិន្ទុ។ ប្រកួតចុងក្រោយនិងសម្រេចថាក្រុមណាជាអ្នកដឹកដៃថៃឡើងទៅវគ្គបន្ត។





មតិយោបល់