Zinedine Zidane គ្រូបង្វឹកក្រុម Real Madrid បានសំឡឹងឃើញកីឡាករលេងបម្រើ ដែលអាចមានសមត្ថភាពជំនួសតំណែងរបស់ Luka Modric បានហើយគឺកីឡាករ Andre Gomes របស់ក្រុម Valencia។
បើតាមកាសែត Marca របស់អេស្ប៉ាញបានសរសេរថា Zidane បានឃ្លាំមើលខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់រូបនេះជាយូរមកហើយ ខណៈដែលពេលលេងឱ្យជម្រើសជាតិក្នុងព្រឹត្តិការណ៍ Euro 2016 នៅបារាំងល្អទៀត ទើបសម្រេចចិត្តចង់បានតែម្ដង។ ការចង់បាននេះដែរ ដោយសារតែគ្រូបង្វឹករូបនេះមើលឃើញថា Gomes មានសមត្ថភាពគ្រប់គ្រាន់អាចនឹងលេងតំណែងជំនួស Modric បាន។
ចំពោះដំណឹងចង់បាននេះដែរ ត្រូវបានគេប៉ាន់ប្រមាណថាកីឡាករវ័យ២២ឆ្នាំរូបនេះអាចមានតម្លៃខ្លួនដល់ទៅ៦០លានអឺរ៉ូឯណោះ ទើបក្រុម Valencia ព្រមលក់ឱ្យ។ ខណៈដែលកាសែត Marca បញ្ជាក់បន្ថែមថាតម្លៃនេះគឺល្មមសម្រាប់ក្រុម Real Madrid ព្រមចំណាយ។
ខ្សែបម្រើដែលជាប់ជម្រើសជាតិតាំងពីឈុត U17 មកនេះ មានក្លឹបជាច្រើនចង់បានរូបគេ មិនមែនមានតែ Real Madrid មួយនោះទេ ពោលគឺសូម្បីតែ Barcelona , Chelsea និង Manchester United ក៏ទាក់ទងទិញយកដែរ៕
មតិយោបល់