អ្នកប្រដាល់ជំនាញដៃ រឿង សោភ័ណ្ឌ នឹងត្រូវប្រឈមតទល់អ្នកលេងរម្លងដែនពីថៃ Pha Langnum ចំណែកសិស្សគុណក្លឹបកងពលតូចលេខ៧០ ទេស សំខាន់ នឹងស្វាគមន៍ជើងខ្លាំងឡាវ Puo Lakvong នៅសង្វៀន Carabao រសៀលថ្ងៃទី១៣ ខែសីហា ខាងមុខ។
រឿង សោភ័ណ្ឌ ស្ថិតក្រោមការបង្វឹករបស់គ្រូ ឈិន ក្វាន់ចៃ មានប្រវត្តិប្រកួត១៤០ដង ឈ្នះ១២៧ ចាញ់១២ ស្មើ១។ ចំពោះការជួបគ្នាលើកនេះ ត្រូវបានគេមើលឃើញថា ទំនងពិបាកខ្លាំងត្បិតដៃគូរបស់គេជាអ្នកប្រដាល់ធ្លាប់ស្កាត់មកវ៉ៃនៅកម្ពុជាជាច្រើនដង។ Pha Langnum មានប្រវត្តិប្រកួត៩៧ដង ឈ្នះ៨០ ចាញ់១៥ និងស្មើ១។
ចំណែក ទេស សំខាន់ ហាក់ពិបាកជាងមុន ដោយសារគេទើបតែជាពីរបួសបាក់ថ្គាម កាលវ៉ៃនៅ CNC។ ដូច្នេះទោះបីអាចប្រឡូកក្នុងពិភពឈឺសាច់នេះជាថ្មី ក៏គេនៅពុំទាន់ខ្លាំងដូចមុនឡើយ។ សំខាន់ ធ្លាប់ប្រកួតចំនួន៧៨ដង ឈ្នះ៦៤ដង ចាញ់១០ដង ស្មើ០៤ដង។ ឯដៃគូរបស់គេគឺជើងខ្លាំងឡាវ ពួ ឡាក់វង់ ធ្លាប់ប្រកួតបាន ៨៨ដង ឈ្នះ៧៥ដង ចាញ់១១ដង ស្មើ២ដង។
ក្រៅពីគូនេះ ក៏មានគូមិត្តភាពជាតិ២គូទៀតផងដែរគឺ ម៉ន រដ្ឋា ត្រូវប៉ះ សុខ ទូ ចំណែក ភួង ពិសិដ្ឋ ត្រូវប្រឈមនិង ពេជ្រ ប៊ុនឆេន។ ការប្រកួតនឹងចាប់ផ្តើមពីម៉ោង២រសៀលតទៅ ហើយនឹងផ្សាយផ្ទាល់តាមកញ្ជាក់ទូរទស្សន៍ SEA TV ផងដែរ។
មតិយោបល់