Thierry Henry វីរបុរសក្លឹប Arsenal នឹងបានតំណែងថ្មីជាគ្រូជំនួសក្នុងជម្រើសជាតិបែលហ្សិក បន្ទាប់ពីចំណាយពេលជាច្រើនធ្វើជាអ្នកអត្ថាធិប្បាយបាល់ទាត់តាមទូរទស្សន៍រួចមក។
Henry នឹងទៅជំនួសកន្លែងរបស់លោក Marc Wilmots ហើយធ្វើការជាមួយគ្រូបង្វឹកធំ Roberto Martinez ដែលទើបតែឡើងកាន់តំណែងជាគ្រូបង្វឹកបែលហ្សិកកាលពីប៉ុន្មានខែកន្លងទៅនេះ។ ក្នុងឱកាសបានឈានជើងក្នុងការដឹកនាំក្រុមបាល់ទាត់នេះដែរ Henry បាននិយាយថារូបគេពិតជារំភើបខ្លាំងណាស់ នេះជាឱកាសមួយដែលមនុស្សគ្រប់គ្នាមិនអាចរំលងបាន។

អតីតកីឡាករ Arsenal វ័យ៣៩ឆ្នាំខាងលើនេះ នឹងចាប់ផ្ដើមចូលធ្វើការនៅដើមខែក្រោយនេះ ពោលគឺបន្ទាប់ពីលោក Martinez កោះហៅកីឡាករជម្រើសជាតិប្រមូលផ្ដុំដើម្បីប្រកួតជម្រុះ World Cup ។
អតីតកីឡាកររបស់ Juventus រូបនេះធ្លាប់លេងនៅ Arsenal ២ដងគឺអំឡុងឆ្នាំ១៩៩៩-២០០៧ និងម្ដងទៀត Arsenal ខ្ចីជើងនៅឆ្នាំ២០១២។ បើគិតរយៈពេល៩ឆ្នាំនៅកាំភ្លើងធំ Henry រកគ្រាប់បាល់បាន២២៨គ្រាប់ក្នុងការបង្ហាញខ្លួន៣៧៦ប្រកួត។ អតីតខ្សែប្រយុទ្ធរូបនេះធ្លាប់ចូលលេងឱ្យក្លឹបជាច្រើនផ្សេងទៀត ក្រៅពី Arsenal ហើយតែងតែទទួលបានជោគជ័យផងដែរ៕

មតិយោបល់