ព័ត៌មានកីឡា

Diego Simeone ថា២ឆ្នាំទៀត នឹងចាកចេញពី AT Madrid

Diego Simeone អ្នកចាត់ការក្រុម Atletico Madrid បានអះអាងថាលោកនឹងចាកចេញពីអេស្ប៉ាញនៅ២ឆ្នាំខាងមុខនេះ ក្រោយចំណាយពេលដល់ទៅ៧ឆ្នាំនៅទីនេះ។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនខាងលើបានប្រាប់ថាលោកមានគោលដៅជីវិតទៅដឹកនាំក្រុមផ្សេងទៀត ដើម្បីទទួលបានការប្រកួតប្រជែងថ្មី ដូច្នេះហើយទើបបានជាលោកសម្រេចដាក់ពេលវេលាដើម្បីចាកចេញពី AT Madrid។ Simeone បានចំណាយពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជួយក្លឹប AT Madrid បានច្រើនមែនទែន ដោយបានក្លាយជាក្លឹបខ្លាំងមួយក្នុងចំណោមក្លឹបផ្សេងៗនៅពានរង្វាន់ La Liga ។

diego-simeone

ជ័យជម្នះលើកពាន La Liga កាលពីឆ្នាំ២០១៤ និងឡើងដល់វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League បាន២ដង បានធ្វើឱ្យអ្នកចាត់ការខាងលើនេះ មានក្លឹបជាច្រើនចង់បានលោកទៅដឹកនាំក្រុម ជាពិសេសក្លឹបនៅអង់គ្លេសតែម្ដង។ អតីតខ្សែបម្រើដែលធ្លាប់លេងនៅលីគកំពូលអ៊ីតាលីរូបនេះ បញ្ជាក់ពីគោលដៅនៃការចាកចេញនេះថា មិននៅអេស្ប៉ាញបន្ដទៀតឡើយ។

ដោយឡែក បុរសវ័យ៤៦ឆ្នាំខាងលើបញ្ជាក់មូលហេតុដែលនៅរង់ចាំដល់២ឆ្នាំទៀតទើបចាកចេញថា ដោយសារតែលោកចង់ដឹកនាំក្រុមនៅទល់មុខអ្នកគាំទ្រ 67 000 នាក់ ពោលគឺឆ្នាំក្រោយនេះ Atletico Madrid នឹងប្ដូរទៅកីឡដ្ឋានថ្មីនោះហើយ៕

មតិយោបល់