កាសែតនៅអេស្ប៉ាញបានដាក់ចំណង់ជើងធំៗថា ខ្សែការពារ Sergio Ramos គឺជាបុគ្គលនៅកណ្ដាលសម្រាប់ការសម្រុះសម្រួលគ្នារវាងខ្សែប្រយុទ្ធ Cristiano Ronaldo និងអ្នកចាត់ការ Zinedine Zidane ក្រោយពីមានការអន់ចិត្តគ្នាបន្តិចបន្ដួច។
រំលឹកដល់រឿងចាស់ Ronaldo មិនសប្បាយចិត្តទេ ពេលអ្នកចាត់ការ Zidane ប្ដូរខ្លួនចេញត្រឹមនាទី៧២ ហើយក្រោយមកត្រូវក្រុមLas Palmas តាមស្មើ២-២ ថែមទៀត ធ្វើឱ្យ Real Madrid បាត់បង់៣ពិន្ទុ។ យ៉ាងណាមិញ ទិដ្ឋភាពនោះត្រូវបានគេឃើញថានេះជាយុទ្ធសាស្ត្រទុកកម្លាំងមួយរបស់អ្នកចាត់ការសញ្ជាតិបារាំង ដើម្បីឱ្យ Ronaldo ពេញកម្លាំងល្អពេលលេងទល់និងក្រុម Dortmund ក្នុង Champions League ។
Zidane បាននិយាយប្រាប់ដល់អតីតកីឡាករ Manchester United ថា៖ “ចិត្តត្រជាក់ អ្នកត្រូវសម្រាកខ្លះ ហើយនឹងបានចូលលេងពេញ៩០នាទី ពេលលេងទល់និងក្រុម Dortmund នៅក្នុងវគ្គសន្សំពិន្ទុ UEFA Champions League ”។ តែទោះជាយ៉ាងនេះក្ដី Ronaldo នៅតែនិយាយថាខ្លួនអស់សង្ឃឹមខ្លាំងណាស់ ចំពោះយុទ្ធសាស្ត្ររបស់ Zidane ។
ដើម្បីជាដំណោះស្រាយបញ្ចប់ការប្រកែកគ្នារវាងកីឡាករនិងអ្នកចាត់ការនេះដែរ ប្រធានក្រុមSergio Ramos បានចេញមុខមកលួងលោមដល់ Ronaldo ថាត្រូវតែគោរពការសម្រេចចិត្តរបស់អ្នកចាត់ការក្រុម។ ខណៈដែលនេះក៏ជាផលល្អសម្រាប់ខ្លួនដើម្បីបានសម្រាកខ្លះត្រៀមប្រកួតធំ ហើយលទ្ធផលស្មើជាមួយLas Palmas គឺគ្មានកីឡាករ Real Madrid ណាម្នាក់ចង់បានដូច្នេះទេ៕
មតិយោបល់