ព័ត៌មានកីឡា

Andy Carroll ​អាច​នឹង​ទៅ​លេង​នៅ​លីគ​ចិន ក្នុង​តម្លៃ​ខ្លួន​២០​លាន​ផោន

Andy Carroll ខ្សែប្រយុទ្ធរបស់ក្លឹប West Ham អាចនឹងចាកចេញពីអង់គ្លេសទៅលេងនៅលីគកំពូលចិន ក្នុងតម្លៃខ្លួន២០លានផោន និងទទួលបានប្រាក់ឈ្នួលដល់ទៅ៣០០ ០០០ផោនឯណោះក្នុង១សប្ដាហ៍។

ក្លឹប Beijing Guoan និង Guangzhou R&F គឺជាក្លឹបដែលកំពុងតែទាក់ទងកីឡាករខាងលើនេះ ដោយអាចនឹងឱ្យតម្លៃខ្លួនដល់ទៅ២០លានផោនទៅក្លឹប West Ham។ ហើយប្រសិនបើរូបគេសម្រេចថាផ្លាស់ទៅទៀតសោត រូបគេនឹងទទួលបានប្រាក់ឈ្នួលច្រើនមែនទែន ដល់ទៅ៣០០ ០០០ផោន បូកជាមួយប្រាក់ឧបត្ថម្ភជាច្រើនទៀត។

អតីតខ្សែប្រយុទ្ធរបស់ Liverpool និង Newcastle ខាងលើនេះកំពុងតែមិនសូវបានចូលលេងប៉ុន្មានទេក្នុងរដូវកាលនេះ ពោលគឺបានតែ១ប្រកួតគត់គិតមកដល់សប្ដាហ៍នេះ។ ដោយហេតុនេះហើយ បានជាក្លឹបនៅចិន ដែលតែងតែប្រមាញ់យកកីឡាករនៅអង់គ្លេសនោះ កំពុងតែព្យាយាមទាក់ទងទៅលេង បើទោះជាតម្លៃខ្លួនរាងថ្លៃបន្តិចក៏ដោយ។

Carroll កាលពីរដូវកាលមុននេះ ត្រូបានក្លឹប Crystal Palace ទាក់ទងទិញយក ប៉ុន្តែដោយសារតែមិនត្រូវគ្នា ក្លឹបមួយនេះក៏យក Cristian Benteke ជំនួសវិញ៕

មតិយោបល់