ប្រភេទម៉ូតូដែលមិនចេះដួលរលំ បើទោះជាត្រូវបុកក៏ដោយ អាចនឹងបង្ហាញវត្តមាននៅលើដងផ្លូវនៅឆ្នាំ ២០១៧ ខាងមុខនេះហើយ បន្ទាប់ពីក្រុមហ៊ុន Thrustcycle បញ្ចេញគំរូម៉ូតូថ្មីមួយដែលបំពាក់បច្ចេកវិជ្ជារក្សាលំនឹងមានឈ្មោះថា GyroCycle។
បច្ចេកវិជ្ជានេះ អាចជួយរក្សាលំនឹងម៉ូតូឱ្យនៅឈរត្រង់បានដោយខ្លួនឯង ជាមួយនឹងការប្រើប្រាស់ថាសថ្លឹងទម្ងន់បំពាក់នៅបាតម៉ូតូ ហើយថាសនោះ ក៏នឹងរេចុះ/ឡើងទៅតាមចលនារបស់ម៉ូតូ ដើម្បីកាត់បន្ថយការចាកផ្ចិត ឬរេដួលក្នុងពេលវាកំពុងរត់ក្នុងល្បឿនលឿន ឬពេលបត់ចុះ/ឡើងផងដែរ។
ម៉ូតូប្រភេទនេះ អាចបើកឱ្យមានទីផ្សារថ្មីមួយសម្រាប់អ្នកនិយមប្រើម៉ូតូជាយានជំនិះទាំងជើងថ្មី និងជើងចាស់។ ព្រោះពួកគេ នឹងមិនចាំបាច់ខ្វល់អំពីទម្ងន់ម៉ូតូ ឬក៏ពិបាកយកជើងទប់នៅពេលឈប់ម្តងៗនោះឡើយ។
ខណៈ Thrustcycle គ្រោងនាំយកសមិទ្ធិផលម៉ូតូរបស់ខ្លួនចូលក្នុងទីផ្សារនៅឆ្នាំក្រោយ ក្រុមហ៊ុនក៏មិនមែនមានបច្ចេកវិជ្ជានេះតែម្នាក់ឯងនោះទេ ពោលគឺ ក្រុមហ៊ុន BMW ក៏បានបញ្ចេញរួចទៅហើយនូវម៉ូតូទស្សនវិស័យអនាគត ១០០ ឆ្នាំបន្ទាប់ ដែលប្រើបច្ចេកវិជ្ជាដូចគ្នា តែមានសុវត្ថិភាពជាង ស្អាតជាង និងស្ងាត់ជាង។
ទោះយ៉ាងណា តម្លៃគឺជាឧបសគ្គដ៏ចម្បងសម្រាប់យានយន្តដែលបំពាក់បច្ចេកវិជ្ជាជាន់ខ្ពស់ដូចនេះ។ សម្រាប់ម៉ូតូ GyroCycle មិនទាន់ត្រូវបានប្រកាសតម្លៃជាផ្លូវការណ៍នៅឡើយទេ ប៉ុន្តែ ThrustCycle ធ្លាប់បានស្នើឱ្យលក់ចេញក្នុងតម្លៃខ្ទង់ក្រោម ២ ម៉ឺនដុល្លារ៕
ប្រភពព័ត៌មាន៖ digitaltrend
មតិយោបល់