ក្រុមហ៊ុនស្ថាបននៅជុំវិញពិភពលោកកំពុងចេញសេចក្តីរាយការណ៍ថា ពួកគេកំពុងរងការវាយប្រហារពីសំណាក់មេរោគបណ្តាញអិុនធើណែតដ៏ខ្លាំងសម្បើមមួយហៅថា Ransomware។
ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មរបស់អង់គ្លេស WPP ដែលឋិតក្នុងចំណោមក្រុមហ៊ុនរងគ្រោះ និយាយថា ប្រព័ន្ធព័ត៌មានវិទ្យារបស់ខ្លួនត្រូវបានរំខានដោយសារការលុកលុយរបស់មេរោគថ្មីនោះ។

ក្រុមហ៊ុននៅអ៊ុយក្រែន រាប់បញ្ចូលទាំងក្រុមហ៊ុនថាមពលរបស់រដ្ឋ និងអាកាសយានដ្ឋានសំខាន់របស់ប្រទេសឈ្មោះ Kiev ក៏កំពុងរងការវាយប្រហារទ្រង់ទ្រាយធំពីមេរោគបណ្តាញលើកដំបូងនេះដែរ។
រោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl បានរាយការណ៍មកថា ខ្លួនត្រូវតែត្រួតពិនិត្យកម្រិតអ៊ុយរ៉ានីញ៉ូមជាប្រចាំ ក្រោយពីឧបករណ៍វាស់ស្ទង់ដំណើរការដោយផ្អែកតាមប្រព័ន្ធប្រតិបត្តិការ Windows ត្រូវបានបិទដោយមិនដឹងមូលហេតុ។
នៅក្នុងសេចក្តីថ្លែងការមួយ ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិច បាននិយាយថា ភ្នាក់ងាររដ្ឋាភិបាលនានាកំពុងធ្វើការស៊ើបអង្កេតទៅលើការវាយប្រហារពីសំណាក់ចោរព័ត៌មានវិទ្យានៅពីក្រោយមេរោគ Ramsomware។

នាយកដ្ឋានសន្តិសុខ Homeland របស់អាមេរិក ផ្តល់ដំបូន្មានដល់ក្រុមហ៊ុនរងគ្រោះទាំងអស់ កុំបង់ប្រាក់លោះទៅពួក Hacker ជាថ្នូរនឹងការដោះលែងប្រព័ន្ធកុំព្យូទ័រខ្លួនវិញឱ្យសោះ ពីព្រោះ គ្មានការធានាណាមួយថា ប្រព័ន្ធទិន្នន័យផ្ទុកឯកសារនៅលើកុំព្យូទ័រ អាចចូលទៅកាន់វិញបានធម្មតាដូចដើមវិញនោះទេ។
តាមការឱ្យដឹងពីក្រុមហ៊ុនផលិតកម្មវិធីកំចាត់មេរោគកុំព្យូទ័ររបស់រុស្ស៊ី Kaspersky Lab ថា តាមការវិភាគរបស់ខ្លួនបានបង្ហាញថា មានការវាយប្រហារប្រហែលជា ២០០០ លើក ដែលភាគច្រើនកើតមាននៅក្នុងប្រទេសអ៊ុយក្រែន រុស្ស៊ី និងប៉ូឡូញ។
ដោយឡែក ប៉ូលីសអន្តរជាតិអាំងទែប៉ូល បាននិយាយថា ខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើមេរោគវាយប្រហារជាសកលនេះ និងកំពុងសហការជាមួយប្រទេសជាសមាជិកដើម្បីទប់ស្កាត់មិនឱ្យវាបង្រភាពរំជើបរំជួលតទៅទៀត។
គួររំឭកថា ក្រុមហ៊ុននៃប្រទេសកូរ៉េមួយបានរងការវាយប្រហារតំណំពីពួក Hacker តាមរយៈមេរោគ Ransomware ថ្មីនេះ នៅលើបណ្តាញកុំព្យូទ័ររបស់ខ្លួន ក្នុងគោលបំណងដើម្បីជំរិតទារប្រាក់៕
ប្រែសម្រួលៈ សេង, ប្រភពៈ bbc
មតិយោបល់