ស្ថិតក្នុងពេលដែលប្រិយមិត្តកំពុងជួបបញ្ហាប៊ូតុង Home ឬក៏ប៊ូតុង Lock ខូច ឬមិនដំណើរការ ពេលនោះប្រិយមិត្តនឹងលំបាកក្នុងការបិទបើក (Reboot) iPhone ឬ iPad ដោយហេតុថា ប៊ូតុងទាំងពីរនេះ ត្រូវបានប្រើប្រាស់ជាទូទៅ ក្នុងការដោះស្រាយបញ្ហាជាប់គាំង ឬទូរស័ព្ទដំណើរការខុសប្រក្រតី ជាដើម។ ដូចនេះ ប្រិយមិត្តត្រូវតែដឹងពីវិធីមួយចំនួនដែលអាចធ្វើការ Reboot ទូរស័ព្ទ iPhone ឬ iPad ដោយមិនចាំបាច់ប្រើប្រាស់ប៊ូតុង Home និង Lock នេះ។
នៅក្នុងពេលនេះ Post Tech សូមលើកយកវិធីសាស្រ្តដ៏មានប្រសិទ្ធភាព ២ យ៉ាង មកបង្ហាញជូនប្រិយមិត្ត៖
វិធីសាស្រ្តទី ១៖ ការប្រើប្រាស់ Assistive Touch
1) បើកកម្មវិធី Settings នៅលើ iPhone or iPad
2) បន្ទាប់មក ចូលទៅក្នុង General → Accessibility → Assistive Touch
3) ទាញបើកមុខងារ Assistive Touch ក្រោយមកអ្នកនឹងឃើញមានប៊ូតុងពណ៌ខ្មៅថ្លា ស្រដៀងប៊ូតុង Home លោតចេញមកជាមិនខាន
4) ចុចលើប៊ូតុង Assistive Touch ដែលទើបនឹងបង្ហាញចេញមកនោះ វានឹងបង្ហាញផ្ទាំងថ្មីជូនភ្លាម
5) បន្ទាប់មក សូមធ្វើការចុចឲ្យជាប់ ត្រង់ប៊ូតុងដែលមានពាក្យថា Device រហូតដល់ផ្ទាំង slide to power off លោតចេញមកចាំលែងដៃ
6) បន្ទាប់មកទៀត លោកអ្នកអាចទាញបិទទូរស័ព្ទដៃ ដោយធ្វើការអូសទាញទៅខាងស្តាំដៃ ពេលនោះទូរស័ព្ទនឹងអាចបិទបានជាស្ថាពរ
7) ជាចុងក្រោយ ដើម្បីធ្វើការបើកទូរស័ព្ទឡើងវិញ គ្រាន់តែប្រិយមិត្តយកឆ្នាំងសាកមកដោតសាក កុំភ្លេចភ្ជាប់ជាមួយអគ្គីសនីផង នោះទូរស័ព្ទនឹងលោតបើកមកវិញដោយស្វ័យប្រវត្តិ។
វិធីសាស្រ្តទី ២៖ កំណត់ឡើងវិញនូវប្រព័ន្ធបណ្តាញទូរស័ព្ទ ( reset your network settings)
1) បើកកម្មវិធី Settings នៅលើ iPhone ឬ iPad
2) បន្ទាប់មក ចូលទៅក្នុង General → Reset
3) ជ្រើសរើសយកពាក្យថា Reset Network Settings
4) ប្រសិនបើទូរស័ព្ទដៃបានដាក់លេខសម្ងាត់ សូមវាយបញ្ចូលលេខកូដ ដើម្បីបញ្ជាក់ការបន្តដំណើរការ រួចចុចយកពាក្យថា Done
5) ជាចុងក្រោយ សូមចុចពាក្យថា Reset Network Settings រួចរង់ចាំដំណើរការចប់ នោះទូរស័ព្ទអ្នកនឹងធ្វើការបិទបើកដោយស្វ័យប្រវត្តិ
ចំណាំ៖ ក្រោយការ Reset Network Settings ចប់ រាល់ប្រព័ន្ធបណ្តាញនៅលើ iPhone របស់លោកអ្នក នឹងត្រូវកំណត់មកដូចដើមវិញទាំងអស់ (Original System)៕
មតិយោបល់